ភ្នំពេញ៖ តារាសម្តែងត្រេមុខកូនកាន់ឥណ្ឌា លោក លី ឧត្តម បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលក្រោយពីតារារូបនេះបញ្ចេញមុខមាត់ពិតរបស់ក្មេងប្រុសម្នាក់ដែលបានលួចទ្រព្យសម្បត្តិលោកនិងក្រុមគ្រួសារហើយបានគេចខ្លួនបាត់ស្រមោល។
ការប្រកាសនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១១ ខែមិថុនា នេះ បន្ទាប់ពីក្មេងប្រុសនោះបានលួច ម៉ូតូមួយគ្រឿង និង ទូរស័ព្ទរបស់លោក តែប៉ុន្មានម៉ោងមុនការប្រកាសនោះ។ តារារូបនេះបញ្ជាក់ថាក្មេងប្រុសនោះមានឈ្មោះ ម៉ៅ ច័ន្ទរ៉ាស៊ី អាយុ ១៨ឆ្នាំ ត្រូវជាមិត្តភ័ក្កិប្អូនប្រុសរបស់លោក ហើយលោកបានទុកចិត្តនិងអាណិតស្រលាញ់ដូចបងប្អូន ប៉ុន្តែបានធ្វើឲ្យលោកហួសចិត្តត្បិតក្មេងប្រុសនេះបានលួចទ្រព្យសម្បត្តិលោកហើយរត់គេចខ្លួន។
លោកបញ្ជាក់ដែរថាកន្លងមកលោកធ្លាប់បានដឹងខ្លះៗដែរថាក្មេងប្រុសម្នាក់នេះមានចរិកមិនសូវល្អនិងធ្លាប់ប៉ះពាល់ទ្រព្យអ្នកដទៃ ប៉ុន្តែតាមរយៈសកម្មភាពខាងក្រៅពិបាកនឹងសម្គាល់ឲ្យលោកដឹងទើបចេះតែប្រហែស ទើបមានរឿងនេះកើតឡើង។ លោកថាទ្រព្យសម្បត្តិ ដែលបាត់បង់គឺមិនច្រើនទេប៉ុន្តែវាគឺជាកម្លាំងញើសឈាមដែលលោកខិតខំសន្សំ ។
លោកថាមិនទាន់ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីមានសមត្ថកិច្ចនៅឡើយខណៈដែលលោកចង់ឲ្យក្មេងប្រុស ឬក្រុមគ្រួសារក្មេងប្រុសនោះចូលខ្លួនមកដោះស្រាយមុនពេលលោកដាក់ពាក្យប្តឹង។ លោកថាគ្រួសារក្មេងនោះគឺជាអ្នកមានមុខមានមាត់គួរសមដែរដែលឪពុកក៏ជាមន្ត្រីនគរបាល ដែលមិនគួរមានកូនដែលចូលចិត្តលួចទ្រព្យសម្បត្តិគេយ៉ាងដូចនោះសោះ។
លោករំពឹងថា នឹងមានដំណោះស្រាយណាមួយ មុនពេលដែលពាក្យបណ្តឹងរបស់លោកឡើងដល់ដៃមន្ត្រីមានសមត្ថកិច្ចនោះ ៕ វឌ្ឍនា