ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន ១៥៥នាក់។
ក្នុងឱកាសនោះដែរលោក ម៉ៅ ធនិន និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ដែលទើបទទួលបានមុខតំណែងការតំឡើងឋានន្តរស័ក្តិត្រូវខិតខំបំពេញការងារយកចិត្តទុកដាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាពព្រោះការទទួលខុសត្រូវកាន់តែខ្ពស់។
ថ្នាក់ដឹកនាំទាំង២ក៏បានណែនាំមន្ត្រីនគរបាលដែលពុំទាន់ការតំឡើងឋានន្តរស័ក្តិ ត្រូវខិតខំប្រឹងប្រែងបន្តការងារចាប់យកឱកាសពេលខាងមុខ ហើយលោកបានប្រាប់មន្ត្រីនគរបាល ដែលទើបតែទទួលបានការតែងតាំងថ្មី ភារកិច្ចថ្មីត្រូវបំពេញកិច្ចការងារ ទៅតាមភារកិច្ចរៀងៗខ្លួន មិនត្រូវយកអំណាចគាបសង្កត់ប្រជាពលរដ្ឋឡើយ៕ ប៉ឹម ពិន