នៅពេលដែលពិភពលោកទាំងមូលតាមដានសកម្មភាពនៃជំនួបរវាងលោកត្រាំនឹងគីម ជុងអ៊ុន បានបង្ហាញការអបអរសាទរ ដល់ជំនួបដែលទទួលបានជោគជ័យក្រោយមេដឹកនាំប្រទេសទាំងពីរ ចុះហត្ថលេខាលើសេចក្តីប្រកាសរួមនោះរដ្ឋាភិបាលអីុរ៉ង់ ដែលអាមេរិកទើបតែដកកិច្ចព្រមព្រៀង បានបង្ហាញពីការមិនទុកចិត្តដល់កិច្ចព្រមព្រៀងទាំងនោះឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលអីុរ៉ង់ លោក Mo hammad Bagher Nobakh បានបង្ហាញពី ការមន្ទិលសង្ស័យថា លោកត្រាំអាចនឹងលុបកិច្ចព្រមព្រៀងនៅពេលដែលលោក ទៅដល់អាមេរិកវិញ។ លោកបញ្ជាក់ ទៀតថា តើមានអ្នកណាប្រាកដថា លោក ត្រាំនឹងមិនលុបកិច្ចព្រមព្រៀង ជាមួយ កូរ៉េខាងជើង នៅពេលខាងមុខនេះទេ?
នៅមុនកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង កើតឡើង អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ បានព្រមានថា កូរ៉េខាងជើង នឹងមាន វាសនាដូច អីុរ៉ង់ គឺត្រូវអាមេរិកដកកិច្ចព្រមព្រៀងដូចគ្នា។
នៅពេលនេះដែរ មានមនុស្សជាច្រើនបានដាក់សំណួរសួរថា តើលោកត្រាំនិង គីម ជុងអ៊ុន អាច លុបបំបាត់ជំងឺ មិនទុក ចិត្តគ្នាដែរឬទេ ? ក្នុងពេលដែលមេដឹក នាំទាំងពីរ មានភាពល្បីល្បាញ ពីការ និយាយផ្សេង ធ្វើផ្សឹងនោះ ។
ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ នេះ ប្រធានាធិបតីអាមេរិកមុនៗ ហើយនិង មេដឹកនាំប្រទេសផ្សេងទៀត បរាជ័យមិន អាចដាក់សំពាធ ឬលើកទឹកចិត្តឲ្យកូរ៉េខាងជើងលះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរបាននោះទេ។ ប៉ុន្តែនៅក្រោយជំនួបជា មួយមេដឹកនាំវ័យក្មេង កូរ៉េខាងជើង លោក គីម ជុងអ៊ុន លោកដូណាល់ ត្រាំ បាន និយាយដោយមានទំនុកចិត្តថា ជំនួបនៅ ថ្ងៃនេះ ជាដំណាក់កាលមួយដែលឈានទៅលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍ រួមវិញ លោកគីម ជុងអ៊ុន បានសន្យា យល់ព្រមថា នឹងលុបបំបាត់ចោលទាំង ស្រុង អាវុធបរមាណូ នៅឧបទ្វីបកូរ៉េ។
ការសន្យាលុបបំបាត់ចោលទាំងស្រុងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិន មែនជារឿងថ្មី ហើយគេក៏មិនអាចរំពឹងថា នឹងអាចកើតមាននោះដែរ។ នៅក្នុងអតីត កាល កូរ៉េខាងជើងក៏ធ្លាប់ទាំងបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរដែរ ប៉ុន្តែកិច្ចព្រមព្រៀងកន្លងមកត្រូវបានរលាយទៅវិញ ដោយសារតែការមិនជឿទុកចិត្តគ្នារវាងអាមេរិក នឹងកូរ៉េខាងជើង។
សំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានចាប់ផ្តើមតាំងពីកូរ៉េខាងជើង មាន លោកគីម អុីលស៊ុង ជាប្រធានាធិបតីម៉្លេះ (មរណភាពឆ្នាំ ១៩៩៤)។ នៅឆ្នាំ ១៩៨៥ របបកុម្មុយនីស្តកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ ក្តីសង្ស័យទៅលើការលាក់លួចបន្លំរបស់កូរ៉េខាងជើង នៅតែកើតមាន។ នៅឆ្នាំ ១៩៨៩ រូបភាពផ្កាយរណបរបស់អាមេរិកបានបង្ហាញពីវត្តមានរោងចក្រនុយក្លេអ៊ែរ នៅYongbyon។ នៅឆ្នាំ ១៩៩៣ កូរ៉េខាងជើង របស់លោកគីម អុីលស៊ុង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ រហូតធ្វើឲ្យអាមេរិក សម្រេចបើកកិច្ចពិភាក្សាបន្ទាន់មួយជាមួយ ក្រុងព្យុងយ៉ាង។
នៅឆ្នាំ ១៩៩៤ អាមេរិកក្នុងអាណតិ្ត ដឹកនាំរបស់លោកប៊ីល គ្លីនតុនបានចុះកិច្ចព្រមព្រៀងជាគោលមួយជាមួយ កូរ៉េខាង ជើង ដែលនៅក្នុងនោះ កូរ៉េខាងជើងយល់ ព្រមផ្អាក និងគាស់រំលើងរោងចក្រដែលគេសង្ស័យថា ដើរតួសំខាន់ដើម្បីផលិតសារធាតុភ្លុយតូនីញ៉ូម។ ជាថ្នូរមកវិញ អាមេ រិកសន្យាផ្តល់ប្រភពថាមពល ដូចជាប្រេង ម៉ាស៊ូត ប្រមាណ ៥សែនតោន ក្នុងមួយឆ្នាំៗ ដល់កូរ៉េខាងជើង ហើយនិងព្រមសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរពីរ។
នៅសម័យនោះ ដោយសារ តែអរិភាព របស់គណបក្សប្រឆាំង បក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាអាមេរិក អាមេរិកខកខានមិនបានផ្គត់ផ្គង់ទាន់ពេលវេលាប្រេងម៉ាស៊ុត ចំណែកគម្រោងការរបស់អាមេរិក ដើម្បី សាងសង់រោងចក្រនុយក្លេអ៊ែរសម្រាប់ថាមពលអគ្គិសនីនៅកូរ៉េខាងជើង ត្រូវការចំណាយពេលវេលាយូររាប់ឆ្នាំ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាមេរិក ហើយនឹង កូរ៉េខាងជើង ឆ្នាំ ១៩៩៤ បានរលាយបាត់ នៅទីបំផុត នៅឆ្នាំ ២០០២ នៅពេលអាមេរិកចោទប្រកាន់កូរ៉េខាងជើងថា បានលួចលាក់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម។
នៅក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន ប្រទេសចិនបានចូលខ្លួនរៀបចំការចរចា ៦ភាគី (ចិន កូរ៉េទាំងពីរ ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក) ចាប់តាំងពីឆ្នាំ ២០០៣មក។ នៅខែ កញ្ញា ឆ្នាំ ២០០៥ នៅក្រោយការចរចាជាច្រើនលើក កិច្ច ព្រមព្រៀង ស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើង បានចេញជារូបរាងឡើង។ កូរ៉េខាងជើង យល់ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សុខចិត្តត្រឡប់ទៅចូលរួមក្នុង សន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ និងយល់ព្រមទទួលអ្នកជំនាញការអន្តរជាតិឲ្យទៅចូលត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ជាថ្នូរនឹងជំនួយស្បៀងអាហារ ហើយនិងថាមពលពីអន្តរជាតិ។ កិច្ចព្រម ព្រៀងនៅឆ្នាំ ២០០៥ មានគោលដៅផង ដែរ ថា នឹងទៅធ្វើឲ្យប្រសើរឡើងវិញ នូវទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង ហើយនិងបិទបញ្ចប់សង្រ្គាមនៅឧបទ្វីប កូរ៉េ។ ប៉ុន្តែ នៅក្រោយអាមេរិកដាក់កំហិតលើធនាគារនៅម៉ាកាវ ដែលគេសង្ស័យថា ជួយលាងលុយឲ្យកូរ៉េខាងជើង ទីក្រុង ព្យុងយ៉ាង នៅឆ្នាំ ២០០៦ បានធ្វើការ សាកល្បងជាលើកទី១ អាវុធនុយក្លេអ៊ែរ របស់ខ្លួន។
ការចរចា រវាងកូរ៉េខាងជើងហើយនឹងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ រហូត សម្រេចបាននៅឆ្នាំ ២០០៧ កិច្ចព្រម ព្រៀងថ្មី ដែលនៅក្នុងនោះ កូរ៉េខាងជើង បានផ្អឹប កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការឈប់បិទខ្ទប់របស់អាមេរិកទៅលើគណនីរបស់កូរ៉េខាងជើងនៅធនាគារក្រុងម៉ាកាវ។ យ៉ាងណាក៏ដោយ ទាំងកូរ៉េ ខាងជើង ទាំងអាមេរិកនៅតែនិយាយមិនត្រូវគ្នា លើចំណុចស្តីពីការត្រួតពិនិត្យលើការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ ម៉ែវ សាធី