អាជ្ញាធរ និងស្ថាប័នជំនាញគួរពិចារណាចំពោះរូបភាពមួយសន្លឹកនេះ មុននឹងរៀបចំដាក់របាំងបែកចែកទ្រូងផ្លូវនៅមុខសាលារៀន ឬគ្រឹះស្ថានសាធារណៈនានា ។ ជាការពិត វាមានសារសំខាន់សម្រាប់សម្រួលចរាចរណ៍នៅក្នុងទីក្រុងប្រាកដមែន ប៉ុន្តែរូបភាពដែលបានឃើញនេះ វាជាកំហុសផ្នែកបច្ចេកទេសណាមួយរបស់ក្រុមមន្ត្រីក្នុងការរៀបចំផ្លូវសម្រាប់អ្នកធ្វើដំណើរ ។
នៅមុខសាលារៀន ក៏ដូចជាច្រកចេញចូលឆ្វេងស្តាំជុំវិញសាលារៀន គួរតែមិនត្រូវបានដាក់របាំងខ្ពស់ៗ រហូតដល់ធ្វើឲ្យកុមារលំបាកក្នុងការធ្វើដំណើរនោះទេ ។ ផ្ទុយទៅវិញប្រសិនបើរៀបចំឲ្យក្មេងៗអាចអូសកង់បាន គឺជាប្រការដែលល្អ ។ ម្យ៉ាងទៀតរបាំងទ្រូងផ្លូវខ្ពស់ៗ វែងៗរហូតដល់រាប់រយម៉ែត្រ ធ្វើឲ្យអ្នកធ្វើដំណើរខ្ជិលក្នុងការវាង តាមរបាំងថ្មពុះចែកទ្រូងផ្លូវនោះ ។ ដូច្នេះអ្វីដែលសំខាន់គឺចង់និយាយថា ការដាក់របាំងទ្រូងផ្លូវគឺដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ក៏ដូចជាសិស្សានុសិស្ស ។ ប៉ុន្តែក្នុងរូបភាពនេះបង្ហាញថា របាំងទ្រូងផ្លូវបង្កការលំបាកសម្រាប់អ្នកធ្វើដំណើរ ជាពិសេសសិស្សសាលានេះឯង ។
អ្នកដាក់របាំងទ្រូងផ្លូវ ពិតជាអាចមានលាភសក្ការៈណាមួយពីការបើក ឬបិទ ។ ប៉ុន្តែមិនគួរស្វែងរកផលប្រយោជន៍ពីក្មេងៗដែលជិះកង់នោះទេ ។ ដូច្នេះសង្ឃឹមថា សមត្ថកិច្ចជំនាញក្នុងរឿងនេះពិចារណាធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យក្មេងៗជាសិស្សសាលាដែលមានកង់ជិះ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរដោយថ្មើរជើងផង ៕ ប្រជាពលរដ្ឋម្នាក់