ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំ CLMV លើកទី ៩

ចែករំលែក៖

ប្រទេសថៃ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំ CLMV លើកទី ៩ ក្រោមប្រធានបទ: ដើម្បីសមាហរណកម្មសេដ្ឋកិច្ច និង ការតភ្ជាប់កាន់តែខ្លាំងក្លា។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវ, ឯកឧត្តម វីន ម្ញីនត៏ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា , ឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម លឹម ចុក ហូយ អគ្គលេខាធិការអាស៊ាន និង ផ្នែកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានកិច្ចប្រជុំ សម្តេចបានអញ្ជើញឡើងថ្លែងសុន្ទកថា ដែលមានខ្លឹមសារថា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថ្នាក់ដឹកនាំនៃប្រទេសសមាជិក CLMV និងឯកឧត្តមអគ្គលេខាធិការអាស៊ាន ដែលបានឆ្លើយតបចំពោះការអញ្ជើញរបស់សម្តេច មកចូលរួមកិច្ចប្រជុំកំពូល CLMV លើកទី ៩ នៅទីក្រុងបាងកក ប្រទេសថៃនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា និងរាជរដ្ឋាភិបាលថៃដែលបានផ្ដល់ទីកន្លែងសម្រាប់រៀបចំនូវកិច្ចប្រជុំ CLMV លើកទី ៩ នេះ ព្រមទាំងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូផងដែរ។

កិច្ចប្រជុំកំពូលលើកទី ៩ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យប្រទេសយើងទាំង ៤ ក្នុងការបញ្ជាក់សារជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការពង្រឹងភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី ដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីពិនិត្យឡើងវិញនូវការ ប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីក និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង​, និងការអភិវឌ្ឍធនធានមនុស្សក្នុងបំណងលើកកម្ពស់សុខមាលភាព និងគុណភាពរស់នៅរបស់ប្រជាជននៃប្រទេស CLMV ឲ្យមានភាពកាន់តែប្រសើរឡើង។

រយៈពេលកន្លងមកនេះ មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស CLMV មានការរីកចម្រើនយ៉ាងខ្លាំងដែលក្នុងនោះ ការកសាងសេដ្ឋកិច្ច ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងការលើកស្ទួយសុខមានភាព និងគុណភាពជីវិតរបស់ប្រជាជនយើង ។ ទាំងនេះ បង្ហាញឲ្យឃើញច្បាស់នូវ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តសម្រេចនូវគោលដៅនៃកិច្ចសហប្រតិបត្តិការ CLMV ដែលរួមមាន:

(១)-រួមចំណែកគាំទ្រដល់ការអភិវឌ្ឍសហគមន៍អាស៊ាន តាមរយៈការកសាងសមត្ថភាពសមាហរណកម្មក្នុងតំបន់របស់ CLMV និងការលុបបំបាត់គម្លាតអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ាន

(២)-ប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចនៃប្រទេសសមាជិកឲ្យបានពេញលេញ និងបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងបណ្តាប្រទេស CLMV និងតំបន់ទៀត

(៣)-សម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ ។ ក្នុងគោលដៅនេះ, យើងចាំបាច់ត្រូវតែបន្តផ្តោតអាទិភាពលើការពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងត្រូវបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការយើងបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពទាំង ៩ ដែលយើងបានឯកភាពគ្នានាពេលកន្លងមក។

កិច្ចប្រជុំកំពូលលើកទី ៩ របស់យើងនៅថ្ងៃនេះ, ជាមួយនឹងមូលបទ «ដើម្បីសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់កាន់តែខ្លាំងក្លា»នឹងឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀត នូវអនាគតដ៏ភ្លឺស្វាងរបស់ CLMV និងការជឿជាក់ថា CLMV កំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង ហើយនឹងអាចក្លាយទៅជាអនុតំបន់មួយប្រកបដោយសុខសន្តិភាព៕


ចែករំលែក៖