ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបិទនៃកិច្ចប្រជុំ CLMV លើកទី៩

ចែករំលែក៖

ប្រទេសថៃ៖ បន្ទាប់ពីពិធីបើក និងការពិភាក្សានៃកិច្ចប្រជុំកំពូលកម្ពុជា-លាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ រួចហើយ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបិទកិច្ចប្រជុំ CLMV។ ពិធីបិទកិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសទាំង៤ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នៅក្នុងពីធីបិទនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ ដែលមានខ្លឹមសារថា សម្តេចសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនៃបណ្តាប្រទេស CLMV ដែលបានចែករំលែកទស្សនៈ និងអនុសាសន៍ស្ថាបនាក្នុងរយៈពេល១ម៉ោងមកនេះ។ មតិយោបល់ដ៏ល្អទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាប្រឈម និងបង្ហាញនូវទិសដៅច្បាស់លាស់ជាក់ស្តែង ឆ្ពោះទៅរកការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ CLMV ជាពិសេសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ដើម្បីធានានូវអនាគតរបស់យើងជាមួយសន្តិភាព ស្ថិរភាព និងភាពរុងរឿងសម្រាប់ប្រជាជនរបស់យើងនៅក្នុងតំបន់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាប្រសាសន៍បន្តថា ទោះបីជាការអភិវឌ្ឍលើផ្នែកខ្លះមានភាពយឺតយ៉ាវបន្តិចក៏ដោយ ក៏យើងបានមើលឃើញថាកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យមួយចំនួនដូចជាវិស័យទេសចរណ៍ , ពាណិជ្ជកម្ម, វិនិយោគហេដ្ឋារចនាសម្ព័ន្ធ , ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្ម គឺបានរីកចម្រើនជាបន្តបន្ទាប់។

តាមយៈកិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាវិជ្ជមាន នៃវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ CLMV និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងលើដំណើរអភិវឌ្ឍឆ្ពោះទៅរកភាពរុងរឿង តាមរយៈការអនុវត្តរួមគ្នានៃសេចក្តីថ្លែងការណ៍រួមនៅពេលនេះ ដែលមានខ្លឹមសារផ្តោតទៅលើ កិច្ចសហប្រតិបត្តិការរួម ដូចជា ការដឹកជញ្ជូន , ការសម្រួលពាណិជ្ជកម្ម , ការវិនិយោគឧស្សាហកម្ម , ទេសចរណ៍ , ការអភិវឌ្ឍធនធានមនុស្ស , កសិកម្ម , ថាមពល , ព័ត៌មាន , បច្ចេកវិទ្យាគមនាគមន៍ , ដែលជាផែនទីចង្អុលសំរាប់មន្ត្រីយើងអនុវត្តន៍ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំបណ្ដាប្រទេសសមាជិក CLMV អគ្គលេខាធិការអាស៊ាន និងរដ្ឋជាសមាជិកអាស៊ានទាំង៦ ព្រមទាំងដៃគូទាំងអស់ដែលបានគាំទ្រអាណ្តិតដែលកម្ពុជាទទួលរៀបចំ នៃកិច្ចប្រជុំឆ្នាំ២០១៨នេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស CLMV ទៅកាន់កម្រិតខ្ពស់ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរបស់យើង។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ទេរតំណែងប្រធានកិច្ចប្រជុំ CLMV ទៅអោយ ឯកឧត្តម ថង លូនស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ហើយសម្តេចតេជោ ក៏សូមអរគុណចំពោះការទទួលយរបស់ប្រទេសឡាវ ដែលត្រូវធ្វើជាប្រធានបៀបចំកិច្ចប្រជុំ CLMV នៅឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា និងបានជូនពរអោយប្រទេសឡាវ សម្រេចបានជោគជ័យ នៃកិច្ចប្រជុំ CLMV លើកទី១០ នាពេលខាងមុខផងដែរ៕


ចែករំលែក៖