ព័ត៌មានទាន់ហេតុការណ៍៖

បុរស(បែកថ្នាំ)ម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកអូសជាច្រើនម៉ែត្រស្លាប់ទាំងអាក្រាតកាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យរកការពិតទើបដឹងថា ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុកកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកបាន និយាយថា សពមិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះទំនងជាអ្នកក្រៅតំបន់ នៅលើខ្លួនសពមានស្មាមចាក់សាក់ជាច្រើនកន្លែង ។

សមត្ថកិច្ចក៏អំពាវនាវផងដែរ ប្រសិននបើមានអ្នកណាបាត់សមាជិកគ្រួសារ សូមទាក់ទងមកសមត្ថកិចនគរបាលខេត្តកំពង់ស្ពឺ ព្រោះសពនឹងត្រូវយកទៅបូជានៅវត្តសំបួរក្រុងច្បារមន ។

បើតាមប្រភពពីអ្នករស់នៅជិតកន្លែងកើតហេតុបានរៀបរាប់ថា កាលពីអំឡុងមួយអាទិត្យមុន គេបានឃើញមនុស្សមួយក្រុម ដឹកជនរងគ្រោះតាមរថយន្ត(មិនស្គាល់ម៉ាក) មកទម្លាក់ចោលនៅទីនេះ ហើយក៏ចេញបាត់ទៅ ។ ចាប់តាំងពីពេលនោះមក ជនរងគ្រោះក៏ចេះតែដើរនៅតំបន់ខាងលើរើសរបស់របរ ដែលគេចោលយកមកហូបហើយដោះសម្លៀកបំពាក់ចោលទៀតផងតែជនរងគ្រោះមិន ដែល បង្កការលំបាកដល់អ្នករស់នៅទីនោះឬធ្វើឲ្យគេខ្លាចឡើយ ។

ប្រភពបន្តថាដោយឃើញជនរងគ្រោះដោះសម្លៀកបំពាក់ចោកអ្នកនៅក្បែរនោះ ក៏ចាប់ស្លៀកពាក់ឲ្យតែចុងក្រោយគាត់នៅតែដោះចោលដដែល ដោយឃើញសភាពដូច្នោះទើបម្នាក់ៗយល់ថា គាត់គឺជាមនុស្សវិកលចរិត ឬបែកថ្នាំទើបត្រូវយកមកប្លុងចោលបែបនេះ ។

មុនពេលកើតហេតុវេលាទៀបភ្លឺគេបានលែសំឡេងបុកយ៉ាងខ្លាំងតែមិននឹកស្មានថារថយន្តបុកជនរងគ្រោះនោះទេរហូតដល់ភ្លឺស្រាងៗក៏ចេញទៅរកមើលឃើញជនរងគ្រោះមានស្មាមបុកបែកក្បាលស្លាប់បាត់ទៅហើយ ។

ពេលនោះដែរ ដោយសពមានសភាពអាក្រាតកាយទើបបុរសម្នាក់កាច់ស្លឹកឈើគ្របពីលើតែម្តង គ្មានអ្នកណាដឹងថា យើរថយន្តប្រភេទអី និងមានស្លាកលេខប៉ុន្មានឡើយ ដែលបុកជនរងគ្រោះ រហូតដល់ព្រឹកថ្ងៃដដែល ទើបរាយការណ៍ឲ្យសមត្ថកិចហចចុះទៅពិនិត្យសព និងធ្វើកំណត់ហេតុ ហើយហៅរថយន្តរបស់មន្ទីរពេទ្យខេត្ត ដឹកយកទៅបូជានៅវត្តសំបួរនាក្រុងច្បារមនតែម្តង ។

សមត្ថកិចហចក៏អំពាវនាវដល់អ្នក ដែលបាត់សមាជិក ដែលមានស្មានសាក់ពេញខ្លួន និងសតិមិនប្រក្រតីសូមទាក់ទងមកសមត្ថកិច្ចនគរបាលខេត្ត ដើម្បីទទួលយកធាតុទៅទុកធ្វើបុណ្យផងចុះ ព្រោះសពសមត្ថកិច្ចសម្រេចថាបូជានៅព្រឹកនេះហើយ ។

ប្រជាពលរដ្ឋដែលបានដឹងតាំងពីជនរងគ្រោះត្រូវគេយកមកប្លុងចោលបានលើកឡើងថា ជនរងគ្រោះកាលពីដើម អាចជាមនុស្ស ដែលធ្វើបាបក្រុមគ្រួសារ ដោយការញៀនថ្នាំក៏ថាបាន ទើបអស់ជម្រើសត្រូវយកមកប្លុងចោលបែបនេះ ។

តែអ្នកខ្លះទៀត ក៏លើកឡើងផងដែរថា បើទោះជាយ៉ាងណា ក៏មិនត្រូវយកគ្នាមកផ្លុងចោលទាំងគ្មានស្មារតីបែបនេះដែរ គួរណាស់តែយកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនណាមួយក៏បាន តែនេះ ទំនងជាចង់បោះបង់ចោលឲ្យស្លាប់តាមយថាកម្មហើយមើលទៅ ទើបគេធ្វើដូច្នេះ ពេលនេះបំណង់របស់អ្នក ដែលយកមកប្លុងចោលបានសម្រេចហើយ ។

យ៉ាងណាសពត្រូវសមត្ថកិច្ចសម្រេចបូជាហើយ សូមទៅយកធាតុធ្វើបុណ្យឲ្យគ្នាផង កុំឲ្យកើតមកជាតិក្រោយស្លាប់ដូចជាតិនេះទៀត ។

បើទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់មហាជនប៉ុណ្ណោះចំពោះរឿងរ៉ាវជីវិតពិតរបស់ជនរងគ្រោះ ៕ សេនា សក្តិ


ចែករំលែក៖