អារ៉ាប៊ីសាអ៊ូឌីត បានដាក់ឲ្យដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនសាងសង់ទទួលបន្ទុកជីកព្រែក យ៉ាងធំ ដើម្បីកាត់ផ្តាច់ប្រទេសនេះចេញពីប្រទេសកាតារ និងប្រែក្លាយ កាតារ ទៅជាប្រទេសកោះមួយ។
មានក្រុមហ៊ុនបរទេសចំនួន៥ បានចូលរួមនៅក្នុងការដេញថ្លៃជីកព្រែក នៅ ថ្ងៃទី២៥ខែមិថុនា ។ សារព័ត៌មាន Saudi Makkah បានដកស្រង់ប្រភពព័ត៌មាន ឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានជ័យ ជម្នះនៅក្នុងការដេញថ្លៃនឹងត្រូវប្រកាសនៅ៣ខែក្រោយ ហើយនឹងចាប់ផ្តើមបើកការដ្ឋានតែម្តង។
គម្រោងរបស់រដ្ឋានភិបាលទីក្រុង Riyadh ក្នុងការជីកព្រែកដែលមានឈ្មោះថា Salwa នឹងត្រូវធ្វើឡើងក្នុងរយៈពេល ១ឆ្នាំ ដើម្បីធ្វើជារនាំងរបងព្រំដែនរវាងអារ៉ាប៊ីសាអ៊ូឌីត នឹងកាតារ ក្នុងពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងអាក្រក់។
ប្រភពព័ត៌មាន បានឲ្យដឹងថា ព្រែក ជីកថ្មី តាមបណ្តោយព្រំដែនអារ៉ាប៊ីសាអ៊ូឌីត មានប្រវែង ៦០គីឡូម៉ែត្រ និងទទឹង២០ ម៉ែត្រ ។ ប្រាក់ចំណាយសម្រាប់ការជីកព្រែកមានរហូតដល់ទៅ៧៤៦លានដុល្លារ ។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយ អារ៉ាប់ បានផ្សាយថា ព្រែកជីកខាងលើមាន ចម្ងាយពីព្រំដែនកាតារ ១,៥គីឡូម៉ែត្រ ចំណែកផ្ទៃដី នៅសល់ប្រើប្រាស់ដើម្បី សកម្មភាពយោធាការពារនៅតាមព្រំដែន។
នៅពេលដែលគម្រោងខាងលើត្រូវ បានអនុវត្តប្រទេសកាតារ នឹងក្លាយ ជាកោះ មួយដាច់ដោយឡែក ។ ប្រទេសកាតារ មានព្រំដែនដីគោកជាប់ជាមួយអារ៉ាប៊ីសាអ៊ូឌីត តែប៉ុណ្ណោះ។
កាលពីមួយឆ្នាំមុន អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បាន ចោទប្រកាន់កាតារ ថាជាប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម និងមានទំនាក់ទំនងជា មួយប្រទេសដែលជាសត្រូវរបស់អារ៉ាប៊ីសាអ៊ូឌីត គឺអីុរ៉ង់។ក្រោយមក ប្រទេសទាំង ៤ បានសម្រេចកាត់ផ្តាច់ ទំនាក់ទំនងជា មួយកាតារ និងដាក់ទណ្ឌកម្ម ទៅលើរដ្ឋា ភិបាលទីក្រុង ដូហា៕ ម៉ែវ សាធី