ព័ត៌មានទាន់ហេតុការណ៍៖

ឆបោកយកម៉ូតូអ្នកស្គាល់គ្នាគេចខ្លួនបាត់៤ថ្ងៃត្រូវបានសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកមកសាកសួរកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចនាំខ្លួនមកកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យតែម្តង បន្ទាប់ពីជននោះបានធ្វើកម្មភាពឆកបោកយកម៉ូតូអ្នកស្គាល់គ្នាតាំងពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយគេចខ្លួនបាត់អស់រយៈពេល៤ថ្ងៃ។

ជនសង្ស័យចាប់ខ្លួនបានឈ្មោះ យុឺន សុខរ៉េន ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិ ឃុំ ចាប់ខ្លួនខាងលើ ។

ចំណែកជនរងគ្រោះ ឈ្មោះ សៀង គឹមហ៊ន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជងទង មានទីលំនៅ ភូមិតា ស ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ ចំណែកម៉ូតូ ដែលជនសង្ស័យ ឆបោកយកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-4067 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ខ្លួនបានមកមើលកូនឈឺ កំពុងសម្រាកព្យាបាល នៅគ្លីនិកបែកចាន ស្រុកអង្គស្នួល ហើយបានជួបជាមួយជនសង្ស័យ ដែលជាអ្នកស្គាល់រាប់អានគ្នាកន្លងមក បានបបួល នាំទៅទៅផឹកសុី នៅហាង ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មិនទាន់បានចូលផង ដល់មុខហាង ជនសង្ស័យ ខ្ចីម៉ូតូជិះ ដោយប្រាប់ថា ទៅយកសាច់ងៀត បងប្អូនផ្ញើរមក និងលុយផង ពេល ដែលជិះម៉ូតូទៅ បាត់រហូតតែម្តង នៅម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា មិនឃើញវិលវិញ ជាច្រលនម៉ោង ទើបសម្រេចចិត្តរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ទាំងយប់ ឲ្យជួយស្រាវជ្រាវ រហូតស៊ើបដឹង ពីកន្លែងជនសង្ស័យសង្ងំលាក់ខ្លួន រាយការណ៍ប្រាប់សមត្ថកិច្ច ស្រាវជ្រាវ ឈានដល់ទៅតាមចាប់ខ្លួនបាន ។

ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះ ពីប៉ុស្តិ៍ចោមចៅ៣ រួចមក កម្លាំងជំនាញខណ្ឌ ក្រោមបញ្ជា ពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ ទើបកម្លាំងជំនាញ ស្រាវជ្រាវ រួមជាមួយ ជនរងគ្រោះ និងសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមចាប់ខ្លួនជនសង្ស័យបាន នៅល្ងាចថ្ងៃទី២១ ខែមិថុនានេះ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យត្រូវបានបញ្ជូនទៅ សាកសួរនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖