ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងស្រុងពញាឮ ទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ ពីស្រុកពញាឮ ខេត្តកណ្តាល លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងស្រុកពញាឮ នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកពញាឮ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តីទៀត។

ជាមួយគ្នានេះ លោក លឹម គានហោ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ជឿការញុះញង់របស់ក្រុមប្រឆាំង ជាពិសេសទណ្ឌិត សម រង្ស៊ី ដែលប្រើយុទ្ធសាស្រ្ត «ដេកផ្ទះ ឈ្នះឯង» ដោយពួកគេមិនចង់ឲ្យ ប្រទេសកម្ពុជា មានសេចក្តីសុខនោះឡើយ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺពលរដ្ឋរបស់យើង ខណៈពួកគេកំពុងរស់នៅយ៉ាងសប្បាយនៅបរទេស មិនដែលបានអ្វីជួយសង្គមជាតិនោះឡើយ ពោលមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានជួយពលរដ្ឋយ៉ាងជាក់ស្តែង។

ការថ្លែងបែបនេះ ខណៈលោក លឹម គានហោ បានជួបមន្រ្តីរាជការទាំងអស់ជិត៣០០នាក់ នៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។

លោក លឹម គានហោ បានថ្លែងបន្តទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងតាមគោលការណ៍ប្រជាធិបតេយ្យសេរី។ ដូច្នេះនៅថ្ងៃបោះឆ្នោតនោះបងប្អូនដែលជា ម្ចាស់ឆ្នោតអាចធ្វើការជ្រើសរើស ពោលគឺគូសឲ្យគណបក្សនយោបាយណាមួយ ដែលបងប្អូនពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មាននរណាម្នាក់ដឹងថា បងប្អូនបោះឆ្នោតឲ្យគណបក្សណាទេ ព្រោះការបោះឆ្នោតធ្វើឡើងដោយសំងាត់ នៅក្នុងបន្ទប់សំងាត់។

ក្នុងឱកាសនេះ លោកបានថ្លែងកោតសរសើរដល់មន្រ្តីរាជការទាំងអស់ ដែលបានខិតខំ ក្នុងការបំរើសេវាជូនពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសេវាសាធារណៈដែលជាកិច្ចការដ៏មានសារសំខាន់ ដែលអាជ្ញាធរត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ បន្ទាប់ពីសំណេះសំណាលរួចមកលោក លឹម គានហោ បានឧបត្ថម្ភថវិកាជូនមន្រ្តីរាជការម្នាក់ៗ ចំនួន២០ម៉ឺនរៀលផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលើនេះ លោក លឹម គានហោ បានបន្តជួបសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជានៅទូទាំងស្រុកជិត៣០០នាក់។ សម្រាប់បងប្អូនអតីតយុទ្ធជនកម្ពុជានៅស្រុកពញាឮ ជិត៣០០នាក់ខាងលើនេះ ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជាជួយឧបត្ថម្ភថវិកាចំនួន៤០០ដុល្លារ និងផ្តល់ឈើសម្រាប់សាងសង់ផ្ទះ ដែលជំហ៊ានដំបូងជួយ១០ខ្នង។ សម្រាប់បងប្អូនអតីតយុទ្ធជន ដែលត្រូវសាងសង់ផ្ទះនេះ លោក លឹម គានហោ បានជួយបន្តចំនួន៧៣១ដុល្លារថែមទៀត ដោយសារការសាងសង់ផ្ទះទាំងមូលត្រូវចំណាយអស់សរុប១១៣១ដុល្លារ។

ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យមន្រ្តី បន្តធ្វើការស្រាវជ្រាវស្វែងរកបងប្អូនអតីតយុទ្ធជនផ្សេងទៀត ​ដែលបានជួបការខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃ ៕


ចែករំលែក៖