ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះ២នាក់បាននាំគ្នាធ្វើសកម្មភាពលួចចូលផ្ទះប្រជាពលរដ្ឋនៅស្រុកអង្គស្នួលដើម្បីយកទ្រព្យសម្បត្តិ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទី ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្ភស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានចំនួន២នាក់ ទី១-ឈ្មោះ ជួន ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះ នាង ដួងតារា ហៅដួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ វតី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ទឹក ខណៈដែលចេញពីបន្ទប់ទឹកវិញស្រាប់តែឮសូគ្រាំងនៅខាងលើផ្ទះដោយមានការងឿងឆ្ងល់ និងសង្ស័យក៏ឡើងទៅលើផ្ទះស្រាប់ក៏បានឃើញជនសង្ស័យឈ្មោះ នាង ដួងតារា ហៅដួង នៅលើផ្ទះរបស់ខ្លួនធ្វើសកម្មភាពរើកកាយក្នុងទូ ឃើញដូច្នេះជនរងគ្រោះបានទាញទ្វារបិតធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរបានទាញទ្វារ និងប្រតាយប្រតប់ជាមួយជនរងគ្រោះ រួចយកអំបែងកញ្ចក់ចាក់មកលើដៃជនរងគ្រោះបណ្តាលឲ្យមុតខ្នងដៃបន្តិច បន្ទាប់មកជនសង្ស័យរត់គេចខ្លួនតាមជណ្តើរបាត់ ភ្លាមនោះជនរងគ្រោះបនរត់ដេញតាមរហូតចាប់ខ្លួនជនសង្ស័យបាន រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ