ភ្នំពេញ៖ រថយន្ដហ៊ីយ៉ានដាយដឹកដីប្រភេទធុនធំ បានបើកកិនម៉ូតូធូដេ និងបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបង្កការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខបូរីពិភពថ្មី ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឯក សឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅអូរកន្តិល សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ចំណែកតៃកុងរថយន្ដ ក្រោយបង្កហេតុ បានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ស្រមោល ។
សាក្សីឃើញហេតុការណ៍ នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA TODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ រតនគិរី 1E-2414 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ចូលក្នុងបុរីពិភពថ្មីចំការដូង ខណៈនោះស្រាប់តែមានរថយន្ដ១គ្រឿង ម៉ាក HYUNDAI ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 3A-0914 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកដល់ជ្រុលបុកម៉ូតូពេញទំហឹង ធ្វើឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ដអូសជាង៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងអូសរថយន្ដ និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកំណើត៕ ភារ៉ា ដង្កោ