ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨,!!!
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពង្រាយរោងចក្រ តាមបណ្តាខេត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងទទួលបានជោគជ័យ និងហុចផ្លែផ្កាជូនប្រជាពលរដ្ឋ។
-សម្តេចតេជោបានថ្លែងថា ការពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារជូនប្រជាពលរដ្ឋ និងមិននាំឲ្យមានការប្រមូលផ្តុំប្រជាពលរដ្ឋតែនៅក្នុងរាជធានីភ្នំពេញ។
-សម្តេចតេជោថ្លែងថា ប្រហែលមិនមាននាយករដ្ឋមន្ត្រីច្រើនទេ ហ៊ានប្រថុយប្រថានឆ្លងកាត់តំបន់សង្គ្រាម ចុះជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដូចជារូបសម្តេចនៅពេលប្រទេសកម្ពុជា ស្ថិតក្នុងវិបត្តិសង្គ្រាម។
-សម្តេចតេជោថ្លែងថា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ សម្តេចធ្លាប់បានលួចចុះទៅតាមបណ្តាខេត្ត ដោយមិនឲ្យអភិបាលខេត្ត ឬអាជ្ញាធរមូលដ្ឋានដឹងមុននោះទេ ព្រោះការឲ្យដឹងមុនអាចនឹងមានការរៀបចំទុកជាមុន ដែលមិនអាចស្វែងរកឃើញពីតថភាព និងទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចបានលើកឡើងទៀតថា ការចុះតាមបណ្តាខេត្តនេះ ប្រសិនបើឲ្យអាជ្ញាធរដឹងមុនថា ត្រូវធ្វើដំណើរតាមផ្លូវណាមួយនោះ ផ្លូវនោះនឹងត្រូវលុបជង្ហុកអស់។
-សម្តេចតេជោបានថ្លែងថា ត្រូវរួមគ្នាប្រឹងប្រែងរក្សារោងចក្រ ដែលមានវត្តមាននាពេលបច្ចុប្បន្ន ហើយប្រឹងប្រែងកៀគរអ្នកវិនិយោគថ្មីបន្ថែមទៀត ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ។
-សម្តេចតេជោថ្លែងថា ឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៤០ដុល្លារ, បច្ចុប្បន្នកម្ពុជាមានរោងចក្រ ១,១៥៤រោងចក្រកម្មករ ៧៧៦,៥០២នាក់ទទួលបានប្រាក់ឈ្នួលអប្បរមា១៧០ដុល្លារ ដែលនេះជាការបង្ហាញពីវឌ្ឍនភាពលើវិស័យឧស្សាហកម្មរបស់កម្ពុជា។
-សម្តេចតេជោថ្លែងថា ដើម្បីជំរុញឲ្យកម្មករទទួលបាន១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដោយរាជរដ្ឋាភិបាលពន្យារពេលយកពន្ធកាត់ទុកខរហូតដល់២០២២ និងឈប់យកកម្រៃពីការនាំចេញ។ ការងារសម្របសម្រួលទាំងពីរនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់ចំណូលជាង៨០លានដុល្លារអាមេរិក។
-សម្តេចតេជោបានថ្លែងថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជារួមមាន បង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានកម្លាំងពលកម្មច្រើន ហើយប្រាក់ឈ្នួលក៏នៅទាបជាងកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មិនជាល្អជាងគេដែរ? សម្តេចបានបញ្ជាក់ថា កត្តាសន្តិភាព និងស្ថេរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តពេលវែងសម្រាប់អ្នកវិនិយោគ លើសពីនោះកម្ពុជា អនុញ្ញាតឲ្យបរទេសអាចបោះទុនវិនិយោគ ១០០ភាគរយ ដោយមិនចាំបាច់ចាប់ដៃជាមួយអ្នកវិនិយោគក្នុងស្រុកឡើយ។
-សម្តេចតេជោបានថ្លែងថា ការរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស គឺជានយោបាយមួយក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ហើយតាមរយះការងារនោះ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
-ឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ដឹកនាំធ្វើឲ្យប្រទេសធ្វើការនៅក្រៅប្រទេសកាន់តែច្រើននោះ សម្តេចតេជោបានបញ្ជាក់ថា វាមិនមែនជារឿងចម្លែកនោះទេ ព្រោះមានប្រទេសជាច្រើន បានបញ្ជូនពលរដ្ឋខ្លួនទៅធ្វើការនៅក្រៅប្រទេស។ ក្នុងនោះគ្រាន់តែហ្វីលីពីន មានប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេសជាង ១០លាននាក់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារនូវសុខសន្តិភាព ដែលរកមកបានដោយលំបាកនេះ ហើយដើម្បីរក្សាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការស្រេចទៅហើយ។ សម្តេចបានបញ្ជាក់ថា មានសន្តិភាពមកដល់ពេលនេះ គឺបាតដៃរបស់សម្តេច ជាមួយឪពុកម្តាយ ជីដូនជីតារបស់កម្មករ កម្មការិនី ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។
-សម្តេចតេជោបានថ្លែងផ្តាំកម្មករ កម្មការិនីថា មិនត្រូវរើសអើងចំពោះកម្មករ កម្មការិនីមានផ្ទុកមេរោគអេដស៍នោះទេ ផ្ទុយទៅវិញត្រូវលើកទឹកចិត្តគ្នាការពារកុំឲ្យមានការឆ្លងបន្តទៀត៕ សុផល