ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែល បាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប្រទេសស៊ីរី

ចែករំលែក៖

នៅថ្ងៃទី ២៦ខែមិថុនា អីុស្រាអែលបាន បាញ់មីស៊ីល ច្រើនគ្រាប់ ទៅលើទីតាំង អាកាសយានដ្ឋាន អន្តរជាតិនៅទីក្រុង Damascus ប្រទេសស៊ីរី ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីគោលដៅដែលបាញ់ប្រហារនោះឡើយ។

នេះជាការវាយប្រហារថ្មីបំផុត នៅលើ ទឹកដីស៊ីរីរបស់អីុស្រាអែល ។ ព័ត៌មានខាងលើកើតឡើងក្នុងពេលដែលមានការ ប្រឈមមុខតានតឹងរវាងអីុស្រាអែល នឹង អីុរ៉ង់ ដែលជាសម្ពន្ធមិត្ត ជិតស្និទ្ធបំផុត របស់ប្រធានាធិបតីស៊ីរី អាល់អាសាដ។ ជាច្រើនលើកកន្លងមក អីុស្រាអែលបាន ចាត់ទុកឥទ្ធិពលរបស់អីុរ៉ង់នៅសីុរីគឺជាការគំរាមកំហែងដល់សន្តិសុខអីុស្រាអែល។

សារព័ត៌មានជាតិស៊ីរី SANA បាន ផ្សាយថា ការវាយប្រហារកើតឡើង នៅ ព្រឹកថ្ងៃទី ២៦ ខែមិថុនា គឺមួយសប្តាហ៍ក្រោយពីកម្លាំងទាហានស៊ីរី បើកការវាយ ប្រហារទៅលើទីតាំង គ្រប់គ្រងរបស់ក្រុមប្រឆាំងនៅភាគខាងត្បូង ជាប់ព្រំដែន តំបន់ខ្ពង់រាប ហ្គោឡែន និងហ្ស៊កដង់។ រយៈពេលកន្លងមក អីុស្រាអែលតែងតែ បើកការវាយប្រហារទៅលើទីតាំងរបស់ កម្លាំងទាហានស៊ីរី ។ រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់អីុស្រាអែលថាបានវាយ ប្រហារគាំទ្រដល់ក្រុមភេរវករនៅក្នុង ប្រទេសនេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights របស់អង់គ្លេសដែលមានទីតាំង នៅស៊ីរី បានឲ្យដឹងថា យន្តហោះចម្បាំង របស់អីុស្រាអែល បានហោះហើរឆ្លងកាត់តំបន់ខ្ពស់រាបហើយវាយប្រហារទៅលើទីតាំងឃ្លាំងអាវុធដែលសង្ស័យថាជារបស់ អីុរ៉ង់ នៅទីក្រុង ដាម៉ាកាស់។នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។

អីុស្រាអែល វាយប្រហារកម្ទេចយន្តហោះដឹកមីស៊ីលរបស់អីុរ៉ង់ទៅកាន់ស៊ីរី

កម្លាំងទាហានអាកាស អីុស្រាអែល បានបើកការវាយប្រហារតាមដែនអាកាស ទៅលើយន្តហោះដឹកជញ្ជូនIL-76 របស់ អីុរ៉ង់ ផលិតនៅក្នុងប្រទេសរុស្ស៊ី ។ យន្តហោះខាងលើត្រូវបានភាគីអីុស្រាអែល សង្ស័យថាបានដឹកមីស៊ីលទៅកាន់ប្រទេសស៊ីរី ហើយកំពុងចតនៅក្នុងអាកាសយាន ដ្ឋាន ទីក្រុងដាម៉ាកាស។

កម្លាំងទាហានស៊ីរីបានបញ្ជាក់ថា យន្តហោះអីុស្រាអែលពិតជាបានបាញ់កម្ទេចយន្តហោះដឹកជញ្ជូនខាងលើកាលពីថ្ងៃទី ២៦ខែមិថុនា ។ យន្តហោះIL-76 ជាប្រភេទយន្តហោះដឹកជញ្ជូនទ្រង់ទ្រាយធំបំផុតដែលអាចដឹកទំនិញបានពី៤៥-៤៨តោន ដែលចាត់ទុកជាយន្តហោះដឹកជញ្ជូនល្អ បំផុតលើពិភពលោក៕ ម៉ែវ សាធី


ចែករំលែក៖