ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបើកឡើងចិញ្ចើមផ្លូវរេចង្កូតបុកបង្គោលភ្លើងវៀច១ដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅឡើងចិញ្ចើមផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវវៀច១ដើម ក្រោយកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២១ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្កម៉ាកតូយូតា កាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6989 បើកដោយបុរសម្នាក់ក្នុងសភាពស្រវឹង បានបើករេចង្កូតឡើងលើចិញ្ចើមផ្លូវ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមទាំងកំរោល បណ្ដាលឲ្យវៀច និងរថយន្ដខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុ គេឃើញអ្នកបើកបររថយន្ដបង្ក បានចុះពីលើរថយន្តរួចគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ធ្វើការវាស់វែង និងយករថយន្ដទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕ ស តារា


ចែករំលែក៖