កាលពីថ្ងៃទី២៨ ខែមិថុនា រុស្ស៊ីបន្តជម្លៀសពលរដ្ឋចេញពីមជ្ឈមណ្ឌលផ្សារទំនើប និងមន្ទីរពេទ្យ នៅទីក្រុង Samara ក្រោយពេលទទួលបានការហៅទូរស័ព្ទគំរាមកំហែងវាយប្រហារ។
នៅទីក្រុង Samara គឺជាទីកន្លែងមួយស្ថិតនៅក្នុងចំណោមទីក្រុងដែលរៀបចំពិធីប្រគួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨។ ក្រោយពេលទទួលការហៅទូរស័ព្ទគំរាមវាយប្រហារគ្រាប់បែកនៅទីក្រុង Samara ប៉ូលិសបានធ្វើការជម្លៀសពលរដ្ឋនៅទីប្រជុំជន ក្នុងនោះមានមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងមន្ទីរពេទ្យជាដើម។
ក្រោយការត្រួតពិនិត្យ ស្វែងរកវត្ថុសង្ស័យទីតាំងទាំងនោះក៏បានបើកឲ្យដំណើរការឡើងវិញ។ នេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ដែលប៉ូលិសទទួលបានការហៅទូរស័ព្ទគំរាមវាយប្រហារ បណ្តាទីក្រុងរៀបចំការប្រគួតបាលទាត់។
កន្លងមក កាលពីថ្ងៃទី២៦ ខែមិថុនា ប៉ូលិសបានទទួលទូរស័ព្ទគំរាមវាយប្រហារគ្រាប់បែកនៅទីក្រុង Rostov ដែលជាទីកន្លែងមានការប្រគួតបាលទាត់៤លើក សម្រាប់វើលខប់២០១៨។
រុស្ស៊ី ធ្លាប់ប្រឈម និងការគំរាមកំហែងវាយប្រហារគ្រាប់បែក ជាច្រើនលើកកាលពីឆ្នាំ២០១៧ ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពលរដ្ឋ។ កាលពីខែតុលាឆ្នាំ២០១៧ ក្រសួងសន្តិសុខជាតិ រុស្ស៊ី RFSS បានប្រកាសថា បានទទួលការហៅទូរស័ទ្ទ៤លើក គំរាមវាយប្រហារគ្រាប់បែក៕ ម៉ែវ សាធី