ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគាស់ផ្ទះមេភូមិទឹកថ្លា៤នាក់ ត្រូវឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ចោរថ្លើមធំមួយក្រុមសង្ស័យមានគ្នា៤នាក់ កំពុងធ្វើសកម្មភាពចូលលួចគាស់ផ្ទះអ្នកស្រីមេភូមិរួចចូលយកតុបេងចំនួន៣តុ និងសម្ភារផ្សេងៗ តែចំណោមចោរទាំង៤នាក់ ម្នាក់ ត្រូវអស់លក្ខណ៍ ពលរដ្ឋ និងប្រជាការពារឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ថិ៍ប៉ៃលិន រីឯបក្ខពួកគេចខ្លួនបាត់ដោយសុវត្ថិភាព សង្ស័យយកទាំងសម្ភារផ្សេងៗទៅជាមួយផង ។

មន្ត្រីនគរបាលជំនាញប៉ុស្តិ៍ប៉ៃលិនបានឲ្យដឹងថា ករណីបានបានកើតឡើងនៅវេលាម៉ោង១៤ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១ ស្ថិត​នៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យ១នាក់​ត្រូវបានឃាត់ខ្លួន ​ឈ្មោះ ជិន ចយ ហៅភា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន​ រស់នៅ​ភូមិរ៉ែដែក ឃុំអូរអណ្តូង ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។ រីឯជនសង្ស័យ៣នាក់ទៀត រត់គេចខ្លួនបាត់​។

ចំណែកជនរងគ្រោះ​ឈ្មោះ នាង មាឃ ភេទស្រី អាយុ​ ៦៤ឆ្នាំ មុខរបរមេភូមិទឹកថ្លា ។

ករណីខាងលើនេះ បណ្តាលឲ្យបាត់បង់​ទ្រព្យសម្បត្តិ​ដូចជា​ តុបេងចំនួន​៣ ដែល​ជនសង្ស័យ​ និង​បក្ខពួកបានលួចយកទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង​ចាត់ការ​ទៅតាម​​ច្បាប់ ៕ ស សារ៉េត


ចែករំលែក៖