ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់ ធ្វើទំនើបកម្មយោធានិងផ្លាស់ប្តូរតំណែងមន្ត្រីយោធាចាស់ៗ

ចែករំលែក៖

មន្ត្រីយោធាចាស់ៗរបស់តៃវ៉ាន់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដើម្បីជំនួសវិញនូវមន្ត្រីយោធាវ័យក្មេង ដែលមានសមត្ថភាព ក្នុង ការដឹកនាំយោធា ក្នុងពេលដែលកម្លាំង សព្វាវុធនៅក្នុងកោះនេះត្រូវបានអភិវឌ្ឍធ្វើទំនើបកម្មនិងទិញអាវុធជាច្រើនពីបរទេស ពិសេសគឺអាមេរិក។

នេះជាសមិទ្ធផលថ្មីមួយទៀត នៃ អាណត្តិប្រធានាធិបតីលោកស្រី Tsai Ing-wen ដែលប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះ ។ ការផ្លាស់ប្តូរខាងលើ នឹងជួយឲ្យកម្លាំងយោធាតៃវ៉ាន់កាន់តែខ្លាំង និងដឹកនាំដោយមន្ត្រីមេបញ្ជាការវ័យក្មេងវិញម្តង ។ សកម្មភាពទាំងនេះដើម្បីជួយឲ្យលោកស្រី ទទួលបានការគាំទ្រខ្ពស់ពីមហាជនកោះតៃវ៉ាន់។

ច្បាប់ថ្មីនេះ ប៉ះពាល់ដល់មន្ត្រីអតីត យុទ្ធជន ប្រមាណ៦ម៉ឺននាក់ ដែលប៉ះ ពាល់ជាបឋមបំផុតចំពោះមន្ត្រីចាស់ៗ ដែលមានឋានៈវរសេនីយ៍ឯកជាដើម។ ពួកគេអាចនឹងដាក់ឲ្យចូលនិវត្ត ហើយអាចនឹងបាត់បង់ប្រាក់ចំណូលដល់ទៅ២០ភាគរយ។ ប៉ុន្តែអ្នកជំនាញកិច្ចការតៃវ៉ាន់បញ្ជាក់ថា ពួកទាហានមានប្រាក់បៀវត្សខ្ពស់ ណាស់ បើគ្រាន់តែពួកគេយកប្រាក់ទៅ ដាក់ធនាគារ ហើយដេកតែស៊ីការប្រាក់ ក៏បានក្បែរ១៨ភាគរយដែរ។

គួរជ្រៀបថា នាពេលកន្លងទៅ ច្បាប់ និវត្តជនសម្រាប់មន្ត្រីរដ្ឋការនេះ គឺមានការជជែកគ្នាក្នុងសភានិងក្រៅសភាយ៉ាងតឹងសរសៃក។ ពេលខ្លះ ក៏មានបាតុកម្មប្រឆាំង រហូតដល់ប្រើហិង្សាបង្ហូរឈាមផងក៏មាន។ ប៉ុន្តែ ទីបំផុតទៅ ជោគជ័យសម្រេចឲ្យអនុវត្តដោយចូលជាធរមាន គឺត្រឹមក្រោមការ ដឹកនាំរបស់អាណត្តិប្រធានាធិបតីស្រី Tsai Ing-wen ។

ក្នុងរយៈពេល២ឆ្នាំនៃរជ្ជកាលរបស់ខ្លួន លោកស្រី Tsai Ing-wen បានសម្រេចធ្វើ កំណែទម្រង់ច្បាប់ជាច្រើនដែលផ្តល់ ប្រយោជន៍ដល់សង្គមតៃវ៉ាន់។ ក្រៅពីច្បាប់ និវត្តជននេះ នៅមានវិធានច្បាប់ដ៏ចម្រូង ចម្រាសផ្សេងៗ ដូចជារឿងធ្វើការថែម ម៉ោង និងកិច្ចសន្យាការងារជាដើម ដែលសុទ្ធសឹងជាប្រធានបទក្តៅនៅតៃវ៉ាន់ និងដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាព របស់លោកស្រីប្រមុខរដ្ឋ។

សព្វថ្ងៃនេះ កម្រិតប្រជាប្រិយភាព របស់លោកស្រីប្រធានាធិបតី បានធ្លាក់មកនៅត្រឹមតែ២៥ភាគរយប៉ុណ្ណោះ។ សំណុំរឿងរសើបៗដែលលោកស្រីលូកដៃធ្វើ គឺ ជារឿងល្អ តែអ្នកវិភាគនយោបាយតៃវ៉ាន់ យល់ថា លោកស្រីហាក់ដូចជាដើរ លឿន ពេកហើយ។ គេចោទសួរថា តើលោកស្រីអាចនឹងស្តារប្រជាប្រិយភាពរួចទេ សម្រាប់មានមុខទៅឈរឈ្មោះបោះឆ្នោតប្រធានាធិបតីថ្មី នៅឆ្នាំ២០២០ ដែលនៅសល់តែ ពីរឆ្នាំទៀតប៉ុណ្ណោះ។ តើលោកស្រីអាច នឹងរង់ចាំទទួលផលពីកំណែទម្រង់ដែលលោកស្រីខំធ្វើបានដែរឬទេ?

សូមជ្រៀបថា នៅលើពិភពលោក ដោយសារតែឥទ្ធិពលរបស់មហាយក្សចិន គឺធ្វើឲ្យតៃវ៉ាន់លំបាករើខ្លួនរួច។ មាន ប្រទេសមិនដល់២០ប្រទេសផងទេ ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ប្រទេសខ្លះ នាពេលថ្មីៗនេះ តួរយ៉ាងបួគី ណាហ្វាសូ ថែមទាំងបានផ្តាច់ការទូតជា មួយតៃវ៉ាន់ ហើយរត់ទៅឱបចិនទៀតផង៕ ម៉ែវ សាធី


ចែករំលែក៖