ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ប៊ែលធី គ្រុប ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី «គណនាលេខរហ័ស» IMA (INTELLIGENT MENTAL-ARTHEMATIC)ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក សេម តៃនាយកគ្រប់គ្រង ក្រុមហ៊ុន IMA Education Group នៃប្រទេសម៉ាឡេស៊ី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា ៖ ប៊ែលធី គ្រុប ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី «គណនាលេខរហ័ស» IMA ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្នុងការអប់រំ និង ផ្តល់ចំណេះដឹងលើកម្មវិធី INTELLIGENT MENTAL-ARTHEMATIC ដែលជាកម្មវិធីដ៏ល្បីល្បាញបំផុតក្នុងប្រទេសម៉ាឡេស៊ី ដែលមានកិច្ចសហប្រតិបត្តិការ ១៦ប្រទេសលើពិភពលោក។ ការសិក្សាវគ្គ អាយ អ៊ឹម អេ នឹងជួយដល់ការបង្កើនល្បឿននៃការគិតលេខ និង អភិវឌ្ឍក្នុងការប្រើប្រាស់ខួរក្បាលរបស់កុមារអោយមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និង ឆាប់រហ័ស តាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់ (Abacus) និង បច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប។
បន្ទាប់មកលោក សេម តៃ នាយកគ្រប់គ្រង ក្រុមហ៊ុន IMA Education Group បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយណាស់ ដែលបានផ្តល់សិទ្ធិផ្តាច់មុខជូនប៊ែលធី គ្រុប ព្រោះប៊ែលធី គ្រុបជាក្រុមហ៊ុនមួយ ដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
លោក សេម តៃ បានបន្តទៀតថា កម្មវិធីគណនាលេខរហ័សIMAនេះ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ និងមានមជ្ឈមណ្ឌលគណនាលេខរហ័ស IMA ជាង ៨០ កំពុងប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ី និងមានជាង ១៥០មជ្ឈមណ្ឌលទៀត កំពុងប្រតិបត្តិការនៅទូទាំងពិភពលោក។ ក្រុមហ៊ុន IMA Education Group បាននឹងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុង ការអភិវឌ្ឍន៍ការគិត និងការពង្រឹងចំណេះដឹងរបស់កុមារលើការសិក្សា និងការរស់នៅ ជាពិសេស ការគណនាលេខរហ័សតាមរយៈការបណ្តុះបណ្តាលនៅកម្មវិធី IMA ទាំងក្នុងប្រទេស និងទូទាំងពិភលោក។
លោក សេម តៃ បានបន្ថែមទៀតថា ចក្ខុវិស័យរបស់IMA គឺ ធ្វើយ៉ាងណាឱ្យក្លាយទៅជាអង្គភាព ដែលឈានមុខក្នុងការផ្តល់នូវការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ចំណេះដឹង និងពិគ្រោះយោបល់នៅទូទាំងពិភពលោកក្នុងការអប់រំកុមារតាមរយៈការប្រើឧបករណ៍ក្បាច់ (Abacus) និង បច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប ជាពិសេសបន្តកិច្ចសហប្រតិបត្តិការនៅបណ្តាលប្រទេសដ៏ទៃទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ប៊ែលធី គ្រុប បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងក្រុមហ៊ុន IMA Education Group ដែលជាកម្មវិធីគណនាលេខរហ័ស មកពីប្រទេសម៉ាឡេស៊ី។
ការចុះ MOU នេះ ភាគីទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់ការអប់រំ ជាពិសេស IMA នឹងជួយឱ្យសិស្សានុសិស្សប៊ែលធី មានការវិវឌ្ឍផ្នែកខួរក្បាលកាន់តែឆ្លាតវៃ ហើយមានសមត្ថភាព និងជំនាញខ្ពស់ក្នុងការគិត គណនា ដោះស្រាយលំហាត់គណិតវិទ្យាបានត្រឹមត្រូវ និងឆាប់រហ័ស ដែលធ្វើឱ្យសិស្សរបស់យើងទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត លី ឆេង និងលោក សេម តៃបានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ ៕ ស រស្មី