ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ១ និងលេខ៤ក្នុងភូមិសាស្ត្រខេត្តកណ្តាលកើតមានគ្រោះថ្នាក់ចរាចរច្រើនជាងគេ

ចែករំលែក៖

ខេត្តកណ្តាល៖ បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីបារម្ភទូទៅរបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក្នុង១ឆ្នាំៗខាតបង់ទឹកប្រាក់រាប់លានដុល្លារ បាត់បង់ជីវិតមនុស្សជាច្រើននាក់ ខូចខាតមធ្យោបាយជាច្រើនគ្រឿង ដែលគ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាអ្នកបញ្ជាយានយន្ត បើកបរលើសល្បឿនកំណត់ បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរក្នុងស្ថានភាពស្រវឹង ចំណែកកត្តាផ្លូវកើតមានតិចតួចប៉ុណ្ណោះ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រីវ៉ែន សុីវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលការងារសណ្តាប់ធ្នាប់ចរាចរ ។

ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរនៅទូទាំងខេត្តកណ្តាលនេះលោកឧត្តមសេនីយ៍ត្រីបានឲ្យដឹងបន្ថែមថា សម្រាប់ឆមាសទី១ក្នុងឆ្នាំ២០១៨នេះបញ្ហាគ្រោះថ្នាក់ចរាចរនៅទូទាំងខេត្តកណ្តាលមានការ កើនឡើងជាងឆមាសទី១ឆ្នាំ២០១៧ ចំនួន១០ភាគរយ បណ្តាលឲ្យមនុស្សស្លាប់៨៩នាក់លើ៨១នាក់ ។ គ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ជាកត្តាចម្បងទី១ បន្ទាប់មកគឺការបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ កត្តាល្បឿន និងកត្តាវ៉ាជែងនេះគឺទាក់ទងគ្នា បើកាលណាបើកវ៉ាជែងហើយត្រូវតែបង្កើនល្បឿនឈានទៅដល់ការបំពានសិទ្ធភាគីម្ខាងទៀត ។ មួយផ្នែកទៀតការបើកបរខ្វះការប្រុងប្រយ័ត្នក៍ជាកត្តាចម្បងនៃការបង្កគ្រោះថ្នាក់ចរាចរផងដែរ ចំពោះកត្តាស្រវឹងមានការថយចុះនៅសល់ប្រហែលជា១២ភាគរយប៉ុណ្ណោះដោយសារតែមានការត្រួតពិនិត្យច្បាប់ចរាចរនៅតាមដងផ្លូវនៅពេលយប់ដើម្បីទប់ស្កាត់ការបើកបរមានជាតិស្រវឹង ។

លោកស្នងការរងបានបន្តថា ផ្លូវជាតិដែលកើតមានគ្រោះថ្នាក់ចរាចរច្រើនជាងគេនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរួមមាន ផ្លូវជាតិលេខ១ ដែលមានចម្ងាយ៥០គីឡូម៉ែត្រកើតគ្រោះថ្នាក់ចរាចរច្រើនជាងគេភាគច្រើនកើតមាននៅចន្លោះម៉ោង១១យប់ទៅដល់ម៉ោង៤ទាបភ្លឺ ចំណែកផ្លូវជាតិលេខ៤ ក៍កើតមានគ្រោះថ្នាក់ចរាចរច្រើនដែរភាគច្រើនកើតឡើងតែពេលយប់ ។ ចំណែកផ្លូវជាតិលេខ៥ លេខ៦ លេ៨ និងលេខ២១ មានការថយចុះច្រើនដូចនៅក្រុងតាខ្មៅដែរ ។ ក្រោយការបោះឆ្នោតសង្ឃឹមថាគ្រោះថ្នាក់ចរាចរមានការថយចុះច្រើនបន្ទាប់កម្លាំងនគរបាលបង្កើនការត្រួតពិនិត្យច្បាប់ចរាចរនៅតាមដងផ្លូវជុំវិញខេត្តកណ្តាល ។ អ្វីដែលជាសំណូមសូមឲ្យអ្នកប្រើប្រាស់ទ្រូវផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ៕ សណ្តោស


ចែករំលែក៖