ព័ត៌មានទាន់ហេតុការណ៍៖

លោកភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញដាក់បទបញ្ជាឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងទប់ស្កាត់បទល្មើស

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យទាំងអស់ ធ្វើយ៉ាងត្រូវប្រឹងប្រែងទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋានឲ្យបាន ខណៈដែលទូរលេខរបាយការណ៍បទល្មើសក្នុងខែមិថុនាបានកើនឡើងយ៉ាងខ្លាំងជាងខែមុនៗ គួរឲ្យកត់សម្គាល់ ។

ការថ្លែងបែបនេះក្នុងឱកាសពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសកិ្ត ប្រគល់ប័ណ្ណសសើរ ជូនដល់មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ១៥០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌពោធិ៍សែនជ័យ ។

លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ ក៏បានក្រើនរំលឹកផងដែរដល់ការងារការពារសន្តិសុខ ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតឲ្យបានល្អ ប្រកបដោយការទទួលខុសត្រូវ និងត្រូវក្តាប់ឲ្យបានសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដែលបច្ចុប្បន្នមានក្រុមជនអគតិរបស់បក្សប្រឆាំង ដែលរំលាយដោយសាលដីការបស់តុលាការកំពូលហើយនោះវាមិនសុខចិត្តនោះទេ ។ លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ ក៏បានស្តីបន្ទោសថា ពួកនេះវាមិនព្រមរំលាយខ្លួនវាទៅតាមសាលដីកាតុលាការកំពូលនោះទេ វានៅតែបន្តអុកឡុកគ្រប់រូបភាព ដែលនេះជាបន្ទុករបស់សមត្ថកិច្ចត្រូវទប់ស្កាត់រាលឧបាយកលទុច្ចរឹក ។

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានក្រើនរំលឹកដល់បណ្តានគរបាលប៉ុសិ៍្តរដ្ឋបាលទាំងអស់ត្រូវមានមុខជាប្រចាំនៅក្នុងថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ក្រោយបោះឆ្នោត ហើយត្រូវយកចិត្តទុកដាក់ស្តាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួននិងរាយការណ៍បន្ទាន់មកថ្នាក់លើ ។ ត្រូវត្រៀមខ្លួនជាស្រេចនៅតាមស្នាក់ការប៉ុសិ៍្តរដ្ឋបាល មិនត្រូវបាត់មុខរហេតរហូតតាមតែអំពើចិត្តនោះទេ ៕ តាឡឹម


ចែករំលែក៖