ខេត្តស្វាយរៀងៈ បុរសម្នាក់បានលួចស្រឡាញ់នារីម្នាក់នៅក្បែរផ្ទះគ្នាជាយូរមកហើយ តែគ្មានលុយចូលស្តីនាងមកធ្វើជាប្រពន្ធបាន ធ្វើឲ្យមានតណ្ហាក្រាស់ក៏ឡើងទៅលើផ្ទះនារីរងគ្រោះ បើកមុងប៉ុនប៉ងចាប់រំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោទាន់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
នគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទិត្យ ថែ ភេទ ប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរច្បាស់លាស់ រស់នៅផ្ទះក្បែរនារីរងគ្រោះ ក្នុងភូមិឃុំកើតហេតុខាងលើ ។ រីឯនារីរងគ្រោះ ឈ្មោះ ស.ន អាយុ២០ឆ្នាំ ជាកម្មការិនី រោងចក្រ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃកើតហេតុ ពេលដែលនាងកំពុងតែដេកលក់ ព្រោះទើបមកធ្វើការរោងចក្រអស់កម្លាំងផងនោះ ក៏ស្រាប់តែឮសូរសំឡេងមនុស្សឡើងលើផ្ទះទាញទ្វារបើករួចដើរទៅបើកមុងរបស់នាង ព្រមទាំងមានធុំក្លិនបារីផង ទើបនាងស្ទុះក្រោកឡើង ហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះឲ្យជួយ។ចំណែកជនសង្ស័យឃើញដូច្នេះភ័យពេក ក៏បានរត់ចុះពីលើផ្ទះរបស់នាងយ៉ាងប្រញាប់ និងលោតផ្លោះរបងទៅពួនដេកនៅផ្ទះរបស់ខ្លួនធ្វើប្រងើយហាក់ដូចជាគ្មានរឿងអីកើតឡើង។
ក្រោយមកក្រុមគ្រួសារនាងបានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ហើយនគរបាលស្រុកក៏បានចុះទៅ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋានស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ទិត្យ ថែ មកសាកសួរ រួចបានឃាត់ខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីរងគ្រោះនោះមែន ដោយសារខ្លួនលួចស្រឡាញ់នាងតាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធ ក៏ដាច់ចិត្តធ្វើបែបនេះតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញនគរបាលស្រុកស្វាយទាប ចាត់ការបន្តតាមច្បាប់ ៕ សហការី