ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនបន្តជួបទុក្ខទៀតហើយដោយព្យុះកំណាត់តម្រង់ ដែលទើបតែរង្គ្រោះដោយទឹកជំនន់

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជប៉ុនបានជួបគ្រោះថ្នាក់ធម្មជាតិផ្ទួនៗគ្នា ក្រោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ សម្លាប់មនុស្សជាង២០០នាក់។ ប៉ុន្មានថ្ងៃកន្លងមកនេះជប៉ុនបានជួបនៅរលកកម្តៅវាយប្រហារសម្លាប់មនុស្សជិត១០០នាក់ និងរាប់ពាន់នាក់ត្រូវចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

នៅពេលនេះដែរ ជប៉ុនកំពុងតែប្រឈមនឹងការវាយប្រហារដោយព្យុះដែលបានតម្រង់ទៅកាន់តំបន់ភាគខាងលិចប្រទេសជប៉ុន។

“ព្យុះសង្ឃរាដ៏សែនសាហាវបំផុតមួយ កំពុងតម្រង់ទិសទៅកាន់តំបន់ភាគខាងលិចប្រទេសជប៉ុន គឺតំបន់ដែលត្រូវទទួលរងមហន្តរាយរួចមកហើយកាលពីដើមខែកក្កដានេះ ដោយសារតែភ្លៀងធ្លាក់ទាំងមេៗ បង្កទៅជាទឹកជំនន់ជនលិច និងបាក់ដី ហើយបានសម្លាប់មនុស្សអស់ជាច្រើននាក់”។

ព្យុះសង្ឃរាដ៏កាចសាហាវបំផុតនេះឈ្មោះ Jongdari ដែលជាព្យុះលើកទី១២នៅតំបន់អាស៊ី ហើយនឹងត្រូវបោកបក់ទៅដល់កោះសំខាន់មួយរបស់ជប៉ុនឈ្មោះ Honshu នៅយប់ថ្ងៃសៅរ៍នេះ នេះជាការបញ្ជាក់របស់ក្រសួងឧតុនិយមជប៉ុន។

ព្យុះសង្ឃរានេះ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានស្ថិតនៅចម្ងាយប្រមាណតែ១ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងតូក្យូ និងចម្ងាយ២០០គីឡូម៉ែត្រពីកោះ Chichijima។ ក៏ប៉ុន្តែព្យុះសង្ឃរានេះ មិនបន្តដំណើរទៅទិសឥសាន្តនោះទេ វាអាចនឹងតម្រង់ទៅទិសពាយ័ព្យវិញ ហើយនឹងវាយលុកទៅលើភាគកណ្តាល និងខាងលិចប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។

អ្នកជំនាញឧត្តុនិយមជប៉ុនបានព្រមានប្រាប់ថា នឹងមានទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យមានការបាក់ស្រុតដី កម្លាំងខ្យល់បោកបក់ដ៏កាចសាហាវ និងមានរលកខ្ពស់ៗទៀតផង ដោយក្នុងនោះ អ្នកជំនាញបានអំពាវនាវសុំឲ្យប្រជាជនរបស់ខ្លួនជម្លៀសចេញពីតំបន់ខាងលើ។

គួររំលឹកថា កាលពីដើមខែកក្កដានេះ តំបន់មួយភាគធំនៃប៉ែកខាងលិចប្រទេសជប៉ុនបានទទួលរងមហន្តរាយណ៍ដោយសារទឹកជំនន់ដ៏គួរឲ្យខ្លាចជាទីបំផុត ជាអាទិ៍ការហូរល្បាប់ភក់ដែលបានសម្លាប់មនុស្សប្រមាណ២២០នាក់។

យោងទៅលើមហន្តរាយធម្មជាតិនៅដើមខែកក្កដានេះ អ្នកជំនាញក្រសួងឧតុនិយមជប៉ុន បានប្រមើលទុកជាថ្មីទៀតថា “ទឹកភ្លៀងនឹងធ្លាក់យ៉ាងកាចសាហាវបំផុត ហើយប្រជាជនត្រូវតែមានភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច”។ អ្នកជំនាញជប៉ុនដដែលបានបញ្ជាក់ទៀតថា នៅក្នុងតំបន់ដែលធ្លាប់ទទួលរងនូវមហន្តរាយ បើទោះបីជាមានភ្លៀងធ្លាក់ធម្មតាក៏ដោយ ក៏អាចនឹងជំរុញឲ្យមានការខូចខាតយ៉ាងសន្ធឹកសន្ធាប់ដែរ ដោយសារទឹកជំនន់និងការបាក់ដី។ នៅ Kumano តំបន់រងមហន្តរាយមួយនៅខេត្ត Hiroshima ត្រូវបានក្រសួងឧត្តុនិយមជប៉ុនរៀបចំដាក់បណ្តាញឃោសនស័ព្ទនៅគ្រប់ទិសទីក្នុងតំបន់សម្រាប់ប្រកាសជូនដំណឹងនានាដល់ប្រជាជន។ ទន្ទឹមនឹងនេះ អាជ្ញាធរក្នុងតំបន់បានអំពាវនាវផងដែរ សុំឲ្យប្រជាជនស្ថិតនៅឲ្យឆ្ងាយពីតំបន់លំនៅដ្ឋានដែលត្រូវបានរងមហន្តរាយខ្លះៗរួចមកហើយ ពីព្រោះយោងតាមអាជ្ញាធរ គឺជាតំបន់មួយដែលអាចនឹងងាយរងគ្រោះជាទីបំផុត៕ ម៉ែវ សាធី

 

 


ចែករំលែក៖