ខេត្តកំពង់ស្ពឺ៖ បុរសភេទទី៣ម្នាក់បានធ្វើសកម្មភាពគាស់សោរផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែប៉ះចំផ្ទះមានកណ្តឹងរោទិ៍ម្ចាស់ទាន់បើកទ្វាទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង៥៨នាទីយប់ ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីកងរាជអាវុធហត្ថហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ ពុទ្ធី ភេទប្រុស (ក្លែងភេទទី៣) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានចូលគាស់ផ្ទះលក់ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ លឹម សារី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា ខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពប៉ះចំកណ្តឹងរោទិ៍ម្ចាស់ផ្ទះមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកសំរោងទង បានឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕ សេនាស័ក្តិ