ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះ១ខ្នងសង្ស័យទុស្សេខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញៈ​ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងអស់គ្មានសល់ ដែល​ ជាប្រភេទផ្ទះតៀមទំហំ៥ម៉ែត្រគុណ១០ម៉ែត្រ ដែលមូលហេតុជំហានដំបូងគេនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែគេបានដាក់ការសង្ស័យថាឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វាកាលពីម៉ោងជិត២រសៀលថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ រហូតទល់ម៉ោងជាង២ទើបឆេះអស់ទាំងស្រុងដោយរថយន្តពន្លត់អគ្គីភ័យ ១៥គ្រឿងចេញមកអន្តរាគមន៍តែប្រើប្រាស់អស់តែ២គ្រឿងប៉ុណ្ណោះ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញភ្លើងចាប់ផ្តើមឆាបឆេះ​ពីក្នុងផ្ទះតៀមនោះលាយឡំនឹងផ្សែង និងអំណាចខ្យល់បក់ផងនោះ​ អគ្គិភ័យកាន់តែបាញ់ផ្សែងខ្មួលខ្មាញ់ឡើង​ សន្ធោសន្ធៅ​ នាំឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោខ្លះរត់នាំគ្នាជួយក្នុងការពន្លត់​ តែដោយសារឥទ្ធិពលខ្យល់បោកបក់ខ្លាំងក្លាពេកធ្វើឲ្យផ្ទះ១ខ្នងត្រូវបានឆេះបំផ្លាញខ្ទេច ។

តាមការឱ្យដឹងពីអ្នក ដែលស្នាក់នៅផ្ទះនោះនិយាយថាខ្លួនឈ្មោះទុយ ហុីម អាយុ៣៦ឆ្នាំ ជាមេការសំណង់ ហើយម្ចាស់ផ្ទះបានឱ្យស្នាក់នៅផ្ទះនោះ តែថ្ងៃនោះខ្លួនមិននៅផ្ទះទេ ចាក់សោរចោលមកដេកតែយប់ៗ ស្រាប់តែថ្ងៃកើតហេតុក៏ត្រូវអគ្គីភ័យឆាបឆេះតែម្តង ប៉ុន្តែមិនបានបណ្តាលឲ្យនរណាម្នាក់មានគ្រោះថ្នាក់ឡើយ​ ដោយអគ្គីភ័យនេះគេសង្ស័យបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ទោះយ៉ាងណាទ្រព្យសម្បត្តិនៅកននុងផ្ទះត្រូវខូចខាតឆេះខ្ទេចខ្ទីអស់ផងដែរ ។

ក្នុងគ្រោះអគ្គីយភ័យនេះគេឃើញមានការដឹកនាំចូលរួមអន្តរាគមន៍ផ្ទាល់ពីអាជ្ញាធរខណ្ឌ និងអាជ្ញាធរភូមិសង្កាត់ចូលរួមបញ្ជាកម្លាំងរហូតដល់អគ្គីភ័យមួយនេះត្រូវបានរលត់ជាស្ថាពរព្រោះអស់របស់របរហើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖