ខេត្តឧត្ដរមានជ័យ៖ រថយន្ដដឹកជញ្ជូន និងចែកចាយស្រាបៀរកម្ពុជានៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេកនៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរពាសពេញផ្លូវ ខណៈដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែង ទៅចែកចាយនៅតាមដេប៉ូនៅក្នុងខេត្ដ ។
ហេតុការណ៍បានកើតឡើងនៅវេម៉ោង២ និង២០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្ដរមានជ័យ ។
អ្នកបើកបរឈ្មោះ ពើត ពាន់ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទួលគ្រួស ឃុំអន្លង់វែង ស្រុកអន្លង់វែងបើកបររថយន្ដដឹកស្រាបៀរកម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0103 ដោយរួមដំណើរមានគ្នាចំនួន៣នាក់ តែមិនគ្រោះថ្នាក់ដល់អាយុជីវិតឬរងរបួសទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលមកពីមូលហេតុបែកកង់ក្រោយខាងឆ្វេង ទើបបណ្ដាលឲ្យរថយន្ដដែលកំពុងតែផ្ទុកស្រាបៀរធ្ងន់ផងនោះទប់លំនឹងមិនបានក៏ក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវតែម្ដង ដោយមិនមានកង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ធ្វើដំណើរនៅតាមដងផ្លូវ ឬអ្នកនៅក្នុងរថយន្ដនោះឡើយ ។
ក្រោយសមត្ថកិច្ចចុះមកត្រួតពិនិត្យរួច ក៏បានប្រគល់ឲ្យម្ចាស់រថយន្ដវិញ ដើម្បីយកទៅជួសជុល ៕ ប៉ែន នួន