ព័ត៌មានទាន់ហេតុការណ៍៖

ចោរជនជាតិវៀតណាមលួចឧបករណ៍ប្រជានេសាទត្រូវជាប់ខ្នោះរបស់នគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យចោរជនជាតិវៀតណាម ២នាក់ ស្កាត់មកពីស្រុកក្រគរ ដើម្បីទៅលួចឧបករណ៍ប្រជានេសាទ ជនជាតិវៀតណាមដូចគ្នា នៅឯស្រុកកណ្ដៀង នគរបាលចាប់ដាក់ខ្នោះដៃរុញទៅតុលាកបន្តនីតិវិធី ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចោរជនជាតិវៀតណាមខាងលើ កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចជ្រោយស្វាព្រាម ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ត្រូវបានកម្លាំងឃាត់ខ្លួន ទី១ ឈ្មោះ យាំង កាំង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម និងទី២ ឈ្មោះ ង៉ូ យាំងង៉ង់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម អ្នកទាំង ២នាក់ បច្ចុប្បន្ន ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក បន្តថា ការឃាត់ខ្លួនជនសង្ស័យចោរជនជាតិវៀតណាមទាំង ២នាក់នេះ ធ្វើឡើងបន្ទាប់ពីពួកគេបាននាំគ្នាលួចឧបកណ៍នេសាទប្រភេទទ្រូប្រើស១០០ របស់ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ជនសង្ស័យចោរជនជាតិវៀតណាមទាំង ២នាក់បានឃាត់ខ្លួនតាមបញ្ជាលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់ ហើយបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រួមទាំងវត្ថុតាង ដើម្បីបំពេញសំណំបែបបទឯកសារពាក់ព័ន្ធ បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖