ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតនៅដើមឈើខាងក្រោយភូមិ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចផងដែរ សង្ស័យមានបត្រិក្នុងចិត្តខណៈគេដឹងមានជំងឺរាំុរ៉ៃប្រចាំកាយ ។
ហេតុការណ៍ប្រទះឃើញបុរសម្នាក់ចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅដើមឈើព្រុំចំការក្បែភូមិ ត្រង់ចំណុចសារាយជូ ស្ថិតក្នុងភូមិ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយចងកធ្វើអត្តឃាតត្រូវបានគេស្គាល់ឈ្មោះ មួង នាង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយបើតាមការរាបរប់ពីក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ(ស្លាប់)គាត់មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ហើយគាត់ចូលចិត្តស្រាមិនសូវខ្វល់អំពីបាយទឹកនោះឡើយ ។
ប្រភពដដែលបន្តទៀតថា គេឃើញមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ សហការគ្នាចុះធ្វើការពិនិត្យ និងស្រាវជ្រាវផងដែរជុំវិញបញ្ហានេះ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពត្រឹមត្រូវ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន