ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងព្រឹកខណៈរកឃើញទឹកតៅហ៊ូខូចគុណភាព២៩ដប និងទំនិញខូចគុណភាពមួយចំនួន នៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ៊ំ ពូ មីង ដែលចូលទិញម្ហូបអាហារ បន្លែ ត្រី សាច់ ក្នុងផ្សារវាលយន្ត ខណៈមន្ត្រីកាំកុងត្រូលខេត្ត បានចុះមកពិនិត្យរកឃើញទឹកតៅហ៊ូចំនួន២៩ដប និងបង្គាក្រៀមព្រមទាំងទំនិញខូចគុណភាពជាច្រើនមុខទៀត នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មន្ត្រីកាំកង់ត្រូលខេត្តសហការជាមួយមន្ត្រីពាណិជ្ជកម្មក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើនៅទីតាំងផ្សារវាលយន្តជាងមួយម៉ោងជាលទ្ធផល ក្នុងនោះ រកឃើញទឹកតៅហ៊ូចំនួន២៩ដប និងបង្គាក្រៀមព្រមទាំងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបានដកហូតយកទៅដុតកម្ទេចចោល ។

ពាក់ពន្ធ័នឹងការរកឃើញទំនិញហួសកាលបរិច្ឆេតនិងខូចគុណភាពជាច្រើនមុខនេះលោក ផឹង និលប្រធានសាខាកាំកង់ត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត ។

លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញ​បានចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាវាលយន្តនាពេលនេះ បានរកឃើញទឹកតៅហ៊ូ ចំនួន២៩ដបខូចគុណភាព និងទំនិញហួសកាលបរិច្ឆេតមួយចំនួនទៀតផងដែរ ក្នុងនោះមន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខទំនិញជាច្រើនមុខមានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ។ ល ។ ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាព នៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព ។

លោក ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់ដើម្បីសុខភាពរបស់បងប្អូនទូទាំងខេត្តផងដែរ៕ យឹម សុថាន


ចែករំលែក៖