ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល (SADIF) របស់ក្រុមហ៊ុនSmart Axiataបានទិញហ៊ុនភាគតិចរបស់ក្រុមហ៊ុនNham24 ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារតាមអនឡាញឈានមុខគេក្នុងក្នុងប្រទេសកម្ពុជា ។ គិតត្រឹមពេលនេះក្រុមហ៊ុនNham24បានក្លាយជាក្រុមហ៊ុនទីបីហើយ ដែលទទួលទុនវិនិយោគពីមូលនិធិSADIF ជាគម្រោងប្រមូលផ្ដុំទៅដោយអាជីវកម្មឌីជីថលក្នុងស្រុក និងមានសក្តានុពល ។
ការបោះទុនពីមូលនិធិSADIF ទៅក្នុងក្រុមហ៊ុនNham24នេះត្រូវបានរំពឹងថានឹងជួយដល់ការពង្រីកវិសាលភាពដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការបង្កើនដៃគូ និងការអភិវឌ្ឍកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន ។
លោកចាន់បូរីមា៉ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនNham24បានមានប្រសាសន៍ថា៖ “យើងទន្ទឹងរង់ចាំសហការជាមួយមូលនិធិSADIF ដើម្បីជួយឲ្យអាជីវកម្មរបស់យើងលូតលាស់ និងពង្រឹងតំណែងរបស់យើងក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារ ។ ជាមួយនឹងការបញ្ចូលមូលនិធិ និងការផ្ដល់យុទ្ទសាស្រ្តពីសំណាក់វិនិយោគិនថ្មីរបស់យើងនេះយើងនឹងបន្តផ្ដោតការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាឲ្យបានប្រសើរបំផុតតាម ដែលអាចធ្វើបានដល់អតិថិជនរបស់យើងក៏ដូចជាភោជនីយដ្ឋាន ដែលជាដៃគូរបស់យើងផងដែរ ” ។
មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលSADIF ដែលមានថវិកាសរុបចំនួន៥លានដុល្លាសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងកាលពីខែមីនាឆ្នាំ២០១៧ដោយក្រុមហ៊ុនSmart ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស ។ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា និងវិនិយោគ ដែលមានឈ្មោះហៅថាMekong Strategic Partner )MSP) ។ កាលពីចុងឆ្នាំមុនក្រុមហ៊ុនForte ជាក្រុមហ៊ុនផ្ដល់សេវាធានារ៉ាប់រងក្នុងតំបន់ត្រូវបានប្រកាសជាសហវិនិយោគិននៃមូលនិធិSADIF ស្របពេលជាមួយការប្រកាសអំពីក្រុមហ៊ុនទទួលទុនវិនិយោគថ្មីពីរដំបូងគេគឺក្រុមហ៊ុនដឹកជញ្ជូន“ជូនអ្នក”Joonaak Delivery Co., Ltd និងក្រុមហ៊ុន “មរកតថេកណឡជី” Morakot Technology ។
លោកGordon Peters ដៃគូក្នុងក្រុមហ៊ុន Mekong Strategic Partners បានមានប្រសាសន៍ថា៖ “យើងបានមើលឃើញនូវការចាប់អារម្មណ៍ច្រើនក្នុងទីផ្សារដឹកជញ្ជូនម្ហូបអាហារតាមអនឡាញក្នុងប្រទេសកម្ពុជាហើយយើងជឿថា និន្នាការវិជ្ជមាននេះនឹងបន្តទៅថ្ងៃអនាគតដ៏យូរអង្វែង ។
សមត្ថភាពក្រុមការងាររបស់ក្រុមហ៊ុនNham24ក្នុងការពង្រីកខ្លួន និងផ្ដោតការយកចិត្តទុកដាក់លើប្រតិបតិ្តការព្រមទាំងសេវាបម្រើអតិថិជនបានធើ្វឲ្យពួកគេខុសប្លែកពីគូប្រជែងដទៃទៀតនៅក្នុងឧស្សាហកម្មរបស់ខ្លួន ។ យើងទន្ទឹងរង់ចាំស្វាគមន៍ក្រុមហ៊ុនNham24ចូលមកក្នុងគ្រួសារមូលនិធិSADIF ” ។
ការវិនិយោគរបស់មូលនិធិSADIF ជាទូទៅមានទំហំទឹកប្រាក់ចន្លោះពី២៥,០០០ទៅ៥០០,០០០ដុល្លារអាស្រ័យទៅតាមដំណាក់កាលនៃអាជីវកម្មលក្ខខណ្ឌតម្រូវផ្នែកឧស្សាហកម្ម និងលក្ខខណ្ឌហិរញវត្ថុរបស់ក្រុមហ៊ុនអ្នកទទួលទុនវិនិយោគទាំងនោះ ។ ក្រៅពីការផ្ដល់ទុនមូលនិធិSADIF ក៏គាំទ្រដល់សហគ្រិនលេចធ្លោ និងអាជីវកម្មបែបICT ដែលមានសក្ដានុពលតាមរយៈការប្រឹក្សាយោបល់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍អាជីវកម្ម ។
លោកថូម៉ាសហ៊ុននាយកប្រតិបត្តិនៃក្រុមហ៊ុនSmart Axiataបានមានប្រសាសន៍ថា៖“ការវិនិយោគក្នុងក្រុមហ៊ុនNham24ពិតជាផ្តល់ឲ្យក្រុមហ៊ុនSmart នូវឱកាសសហការជាច្រើនជាពិសេសវាស្របតាមគោលដៅរបស់ក្រុមហុ៊នក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដ៏សម្បូរបែបសម្រាប់ការរស់នៅ ។ ការលូតលាស់យ៉ាងលឿនរបស់ក្រុមហ៊ុនNham24ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុន ដែលចង់អភិវឌ្ឍសេវាដឹកជញ្ជូន និងបញ្ជាទិញម្ហូបអាហារគឺពិតជាកត្តា ដែលធ្វើឲ្យមានការរំភើបចិត្តពិតប្រាកដមែន ។ ខ្ញុំទន្ទឹងរង់ចាំមើលការលេចចេញជារូបរាងនូវការវិនិយោគរបស់មូលនិធិSADIF ក្នុងក្រុមហ៊ុនNham24នេះ ” ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុនNham24 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានរីកលូតលាស់ក្លាយទៅជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេ និងលូតលាស់លឿនជាងគេមួយក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្នក្រុមហ៊ុនNham24 ប្រតិបត្តិការក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបដោយសហការជាមួយភោជនីយដ្ឋានជាង៥៥០កន្លែងក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនមានគម្រោងពង្រើកខ្លួននៅតាមបណ្ដាខេត្តធំៗផ្សេងទៀតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ ក្រៅពីសេវាដឹកជញ្ជូនម្ហូបអាហារ ដែលអាចបញ្ជាទិញតាមទូរស័ព្ទចល័តឬនៅលើគេហទំព័រប្រកបដោយភាពច្នៃប្រឌិតកាលពីពេលថ្មីៗក្រុមហ៊ុនNham24 ក៏បានដាក់ឲ្យដំណើការកម្មវិធីNham24 Fresh ដែលអនុញ្ញាតឲ្យអតិថិជនបញ្ជាទិញគ្រឿងទេសគ្រប់មុខ និងដឹកជញ្ជូនដល់កន្លែងក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ៕ វឌ្ឍនា