ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សផ្លូវប្រាំ១គ្រឿង ប្រភេទ(V1)កាច់ចង្កេះផ្ទុកលើសទម្ងន់ ទិសដៅចេញពីខេត្តព្រះវិហារ បម្រុងទៅកាន់ខេត្តកំពង់ចាម រត់លើផ្លូវជាតិលេខ០៩ ឆ្លងកាត់ស្ពានមេគង្គ និងឆ្លងខេត្តស្ទឹងត្រែង រួចឆ្លងចូលផ្លូវជាតិលេខ៧ មកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្ត អូរពងមាន់ ត្រូវបានឃាត់ទុក ដើម្បីត្រួតពិនិត្យ ដោយសារឃើញរថយន្តនោះ ផ្ទុកលើសទម្ងន់ខុសបច្ចេកទេស ទើបមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីង ឃាត់នៅវេលាម៉ោង១១និង២៣នាទីយប់ ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះ លោករស់ សុខាន់ ប្រធានជញ្ជីងទើបនឹងឡើងកាន់តំណែងថ្មី បានជាង៣ខែ មិនអាចសុំការបំភ្លឺបានទេ នៅភ្លាមៗនោះ ព្រោះលោកជាប់សម្រាន្តលង់លក់ស្រួល មិនអាចងើបបកស្រាយ ឬបំភ្លឺឲ្យអ្នកសារព័ត៌មានអស់ចម្ងល់បានទេ បែរជាទុកឲ្យកូនមន្ត្រីជញ្ជីងមកប្រាប់ថា លោកដេកហើយ ហើយលេខទូរស័ព្ទនោះក៏កូនមន្ត្រីជញ្ជីងនោះមិនហ៊ានឲ្យដែរ ។
បើតាមការឲ្យដឹងពីកូនមន្ត្រីជញ្ជីងម្នាក់នោះ បាននិយាយថា នេះជារថយន្តប្រភេទ (V1) កាច់ចង្កេះ ក្បាលរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 3A.2707 កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A.2489 ដឹកអំបិលទេ ដោយសារដឹកលើសទម្ងន់ ខាងជញ្ជីងចល័តនៅឃុំសំអាងបានថ្លឹងរួចហើយដឹងថា លើស ទើបមកដល់ស្ថានីយជញ្ជីងនេះ មិនបានថ្លឹងទៀតនោះទេ ទើបឃាត់តែម្តង ទុកត្រួតពិនិត្យនៅពេលព្រឹក និងផាកពិន័យទៅតាមច្បាប់ ។
មន្ត្រីនោះបាននិយាយទៀតថា លោកប្រធានជញ្ជីងលោកសំរាកហើយ មិនអាចចេញមកជួប នឹងអ្នកសារព័ត៌មានបានទេ នៅពេលនេះ មន្ត្រីដដែលបានបន្តថា តាមច្បាប់រថយន្តប្រភេទ (V1)នេះ ក្នុងការផ្ទុកទម្ងន់ បើគិតទាំងតួ រថយន្ត និងទំនិញសរុប៤៤តោន ។
ភ្លាមៗនោះ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងភ្លាមៗ ទាំងយប់ឆ្លើយឆ្លងតាមទូរស័ព្ទ ឲ្យដឹងថា បញ្ហាឃាត់រថយន្តខាងលើនោះ លោកអត់ដឹងទេ ព្រោះគេមិនបាន រាយការណ៍មកលោកឡើយ ហើយក្នុងការដឹកលើសទម្ងន់ គេត្រូវឃាត់ ដើម្បីត្រួតពិនិត្យរួចផាកពិន័យទៅតាមច្បាប់ ហើយក្នុងនោះ ភាគីខាងរថយន្ត ក៏ធ្វើកិច្ចសន្យាមិនឲ្យដឹកលើសទៀតទេ រួចរើទម្លាក់ចេញមិនឲ្យទៅទាំងបែបនេះបានទេ ហើយថវិកាដែលផាកនោះត្រូវដាក់ទៅឲ្យក្រសួងទាំងអស់ មិនអាចទុកឲ្យមន្ត្រីណាហ៊ានល្មើសច្បាប់ទៀតបានទេ ។
លោកបានបញ្ជាក់ទៀតថា ប្រធានជញ្ជីងចាស់ត្រវបានដកចេញហើយ ប្រធានថ្មីនេះ ឈ្មោះ រស់ សុខាន់ ទើបតែឡើងបាន៣ខែជាងទេ ហើយបើមានបញ្ហាអីត្រូវទទួលខុសត្រូវ ដោយខ្លួឯង បើធ្វើខុស នឹងនិតិវិធីច្បាប់ ត្រូវដូរ ឬដកចេញដោយស្វាយប្រវត្តិទៀតហើយ ដូចលោកប្រាក់ សោភ័ណ្ឌ ប្រធានជញ្ជីងមុនចឹង ដោយឃើញភាពអវិជ្ជមានច្រើន មុនៗ ទើបថ្នាក់លើតម្រូវឲ្យដាក់កម្លាំងជម្រុះ មានមន្ត្រីសាលាខេត្ត មានមន្ត្រីសាធារណការក្រសួង មានមន្ត្រីនគរបាលខេត្ត មានមន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីរបស់មន្ទីរសាធារណការខេត្ត បូក នឹងប្រធានជញ្ជីងផងនៅទីនោះ ហើយថែមទាំងបំពាក់កាមរ៉ាសុវត្ថិភាពគ្រប់កន្លែងទៀតផង ៕ មាស សុផាត