ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាលួចប្លន់និងជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្រោយសមត្ថកិច្ចកំពុងតែចូលទៅលាងម៉ូតូជាមួយជនសង្ស័យ ប្រទះឃើញលាក់លាម រួចឃាត់សួរនាំនឹងឆែកឆេររកឃើញថ្នាំញៀននិងសោរអក្សរតេចំនួន២ឈុត ដែលលាក់ទុកក្នុងកាបូបស្ពាយ សម្រាប់ធ្វើសកម្មភាពលួចកាត់កម៉ូតូណាដែលម្ចាស់ចតទុកប្រហែស ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ស្ថិតនៅកន្លែងលាងម៉ូតូមួយកន្លែងនៅផ្លូវលេខ១៩៨២ភូមិ ភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់នេះ ទី១៖ឈ្មោះសុខលីអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ និងទី២៖ឈ្មោះហួសិឡាអាយុ៣០ឆ្នាំមុខរបរអ៊ុតកញ្ចក់ឡាន ។

យោងតាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិភ្នំពេញថ្មី បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ គឺជនសង្ស័យបានយកម៉ូតូទៅលាងស្របពេលសមត្ថកិច្ចយកម៉ូតូរបស់គាត់ទៅលាងដែរ ខណះពេលសមត្ថកិច្ចមើលមុខជនសង្ស័យចេះអៀនសមត្ថកិច្ចងាកមុខចេញរហូតធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏ហៅកម្លាំងបន្ថែមសុំធ្វើការឆែកឆេរកាបូបជនសង្ស័យរកឃើញថ្នាំញៀនចំនួន៩កញ្ចប់ សោរសម្រាប់ធ្វើសកម្មភាពកាច់.កម៉ូតូចំនួន២កំផ្លេរ អត្តសញ្ញាណបណ្ណ័២សន្លឹក កាតគ្រីម៉ូតូ១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖