ភ្នំពេញ៖ សិល្បករប្រមាណជាង៦០បានស្ម័គ្រចិត្តរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយ នៅចុងសប្តាហ៍នេះ ដើម្បីស្វែងរកជំនួយដល់ជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ ទោះជាយ៉ាងណាពួកគេបានសម្តែងការខកចិត្តជាខ្លាំង ក្រោយការលក់សំបុត្រតម្លៃត្រឹម១ម៉ឺនរៀល ក៏មិនមានអ្នកជួយទិញច្រើនដែលធ្វើឲ្យពួកគេបាក់ទឹកចិត្ត ។
តាមគម្រោងកម្មវិធីប្រគំតន្ត្រី ចែករំលែកក្តីសង្ឃឹម នឹងត្រូវធ្វើនៅថ្ងៃទី១១ ខែសីហានេះ ដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជាស្ម័គ្រចិត្តចូលរួម ប៉ុន្តែកម្មវិធីនេះ ហាក់មិនមានការចាប់អារម្មណ៍ពីមហាជននៅឡើយ ។ រហូតមកដល់ពេលនេះចំនួននៃការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ មានត្រឹមតែជិត៣០០សំបុត្រចែកការប្រគំតន្ត្រី៣វេនមានអ្នកមើលមិនបាន១០០នាក់ផង ។ នេះបើតាមការបញ្ជាក់របស់អ្នកសម្របសម្រួលកម្មវិធីខាងលើបានបញ្ជាក់ប្រាប់ ។
លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថា សម្រាប់ការងារសប្បុរសធម៌មួយនេះ គឺប្រគំតន្ត្រីដើម្បីលក់សំបុត្រចូលទស្សនាក្នុងសំបុត្រមួយ១ម៉ឺនរៀល ដែលមានការចូលរួមពីតារាល្បីៗជាច្រើន ហើយកម្មវិធីមួយនេះ ត្រូវបានចាត់ទុកថា ជាកម្មវិធីសប្បុរសធម៌ធំជាងគេមួយសម្រាប់ឆ្នាំ២០១៨ ដែលអ្នកសិល្បៈរួមគ្នាធ្វើ និងជួយដល់សង្គម ។ ប៉ុន្តែមិននឹកស្មានថា ការងារសង្គមមួយនេះ បែរជាមិនមានការគាំទ្រធ្វើឲ្យអ្នកសិល្បៈភាគច្រើនបាក់ទឹកចិត្ត និងចោទជាសំណួរថា ហេតុអ្វីបងប្អូនមិនគាំទ្រការងារសង្គមមួយនេះមិនផ្តល់កម្លាំងចិត្តដល់អ្នកសិល្បៈឲ្យប្រឹងបន្តទៀត ។ កន្លងមកថ្មីៗនេះគ្រោះធម្មជាតិដែលបង្កឡើងដោយទឹកជំនន់នៅខេត្តស្ទឹងត្រែងបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះអស់ជាច្រើនគ្រួសារ ។ ដោយសារតែហេតុនេះហើយ ទើបរៀបចំកម្មវិធីសប្បុរសធម៌មួយមានការចូលរួមដោយស្ម័គ្រចិត្តប្រគំតន្ត្រីដើម្បីប្រមូលមូនិធិឧបត្ថមជនរងគ្រោះដោយទឹកជំនន់ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានតារាចូលរួមល្បីៗទាំងអស់ជាង៦០រូប តម្លៃសំបុត្រចូលទស្សនាត្រឹមតែ១មុឺនរៀលប៉ុណ្ណោះ ។
សូមជម្រាបថា យ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦រូប បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺនរៀលនេះនឹងធ្វើឡើងនៅថ្ងៃទី១១ខែសីហានេះនៅភោជននីយដ្ឋានសេវេនប្រាយជិតផ្សារមាន់អាំង ។ ចូលរួមជួយគាំទ្រសិល្បៈខ្មែរគាំទ្រការងារសង្គមទំនាក់ទំនងទិញសំបុត្របានតាមរយៈលេខ015 325 523/098 700 739/016 746 050/011 550 302៕ វឌ្ឍនា