ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាននិងអនុប្រធានស្ថានីយជញ្ជីងខែលជ័យកំពុងប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ តាមប្រភពពីក្រុមឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូនទំនិញ កសិផលពិសេសអ្នករកសុីដឹកដំឡូងមី និងឈើកៅស៊ូ ឈើចន្ទីរ ឆ្លងកាត់ ផ្លូវជាតិលេខ៧១ បានឲ្យដឹងថា លោក នួន គឹមហេង ប្រធាន និងលោក សេង សុងអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត (ខែលជ័យ) តាមផ្លូវជាតិលេខ៧១ ក្នុងភូមិ~ឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ។

ប្រភពពីឈ្មួញ និងអាជីវករ ពិសេសអ្នករកសុីដឹកដំឡូងមី និងឈើកៅស៊ូ ឈើចន្ទីរ បានឲ្យដឹង ទៀតថា ទោះបីពួកគេដឹកជញ្ជូន ទំនិញផ្ទុក លើសទម្ងន់ ឬមិនលើសទម្ងន់ យ៉ាងណាក៏ដោយ គ្រាន់តែបង់លុយ តាមការកំណត់របស់លោក នួន គឹមហេង និងលោក សេង សុង គឺជាការស្រេច ។

មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមមួយចំនួន បានឲ្យដឹងថា ការដែលលោក នួន គឹមហេង ប្រធានសា្ថនីយខែលជ័យ តាមផ្លូវជាតិលេខ៧១ ហ៊ានធ្វើអ្វីៗ តាម អំពើចិត្ត គឺមានការឃុបឃិតបើកដៃពីប្រធាន មន្ទីរសាធារណការខេត្តកំពង់ចាមផងដែរ ។

ប្រភពខ្លះបានឲ្យដឹងថា ទោះបីឈ្មួញដឹកជញ្ជូន កសិផលតាមរថយន្តធំៗផ្ទុកលើសទម្ងន់ យ៉ាងណាក៏ដោយ គឺមន្ត្រីប្រចាំស្ថានីយជញ្ជីង ថ្លឹងរថយន្ត (ខែលជ័យ) ផ្លូវលេខ៧១ ក្នុងឃុំអូស្វាយ ស្រុកកំពង់សៀម មិនមានវិធានការតាមច្បាប់នោះទេ ។ ប៉ុន្តែក្រុមមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្ត នោះ ចាំប្រមូលលុយពីម្ចាស់រថយន្តដឹកទំនិញ ដឹកកសិផលដំឡូងមី ដឹកឈើកៅស៊ូ ដឹកឈើចន្ទីរធំៗ ដោយគ្មានចេញវិក្កយបត្រត្រឹមត្រូវ នោះទេ ហើយករណីខ្លះពួកគេ គ្រាន់តែកត់ស្លាកលេខ រថយន្ត ដើម្បីឲ្យបង់ប្រចាំខែទៅវិញ ។

ប្រសិនបើឈ្មួញ ឬអាជីវករណាហ៊ានគេចវេស មិនបង់លុយតាមការកំណត់ទេនោះ ថ្ងៃក្រោយ អាចត្រូវប្រឈមនឹងការពិន័យជាមិនខាន ព្រោះ មន្ត្រីក្រោមឱវាទរបស់លោក នួន គឹមហេង ស្គាល់ច្បាស់ពីអត្តសញ្ញាណរថយន្តក្រុមឈ្មួញ ដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយខែលជ័យ រួចអស់ទៅហើយ ។

មន្រ្តីស្ថានីយនៅទីនោះ ម្នាក់បានលួចបង្ហើបប្រាប់ថា លោក នួន គឹមហេង តែងតែឃុបឃិតជាមួយនិងឈ្មួញដឹកលើសទំងន់ ឲ្យចេញនៅពេលយប់ចាប់ពីម៉ោង១០ទៅរហូតដល់ទៀបភ្លឺ និងក្នុងមួយយប់ៗមានរថយន្តយីឌុប ឬរថយន្តធុនធំៗ មិនក្រោមពី១០០គ្រឿងទៅ១៥០គ្រឿងនោះទេ ដែលឆ្លងកាត់ជញ្ជីងនេះ ហើយក្នុងមួយរថយន្តត្រូវបង់ឲ្យស្ថានីយ ២០មុឺនរៀល ដោយមិនបាច់ថ្លឹងមិនបាច់ចេញវិក័យបត្រស្អីនោះទេ ។

ករណីនេះ តើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចលោក សេង ឈួន មានបានជ្រាបឬទេ ។ ព្រោះ បច្ចុប្បន្នមានឈ្មួញមួយចំនួនប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ ហើយលោក នួន គឹមហេង និងលោក សេង សុង មិន ចាត់វិធានការពិន័យតាមច្បាប់ឡើយ គ្រាន់តែ តម្រូវឲ្យឈ្មួញបង់លុយតាមការកំណត់ប៉ុណ្ណោះ ៕ ហេង សូរិយា


ចែករំលែក៖