ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូឌុបទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣សុំឲ្យជួយអន្តរាគមន៍ ខណៈផឹកសុីពេលស្រវឹងក៏បាត់រថយន្តមួយគ្រឿងមិនដឹងទៅណា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅម្តុំរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ សឹម វុធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និង លក់សាច់គោអាំង រស់នៅភូមិច្រេស សង្កាត់គោគរកា ខណ្ឌព្រែកព្នៅ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយាថា នៅមុនពេលកើតហេតុនៅពេលល្ងាចរូបគាត់បានបើករថយន្តម៉ាក ឡិចស៊ីស RX-300 ពណ៌កាំមៃ ពាក់ស្លាកលេខ ភ្នំពេញ 2AE-3807 ទៅផឹកស៊ីជាមួយបងប្អូននៅភូមិជ្រៃកោង លុះផឹកស៊ីស្រវឹងគាត់បានត្រឡប់មកវិញមកដល់នៅម្តុំផ្សារចោមចៅគាត់បានចុះទៅទិញទឹកហូបដោយសារតែស្រវឹងខ្លាំងពេកបានដេកលង់លក់រហូតដឹងខ្លួនវិញ ស្រាប់តែដេកនៅលើតូបលក់ខោអាវជជុះជាប់ផ្លូវវេងស្រេង ដោយមិនឃើញរថយន្ត និងហោប៉ៅរបស់គាត់ត្រូវជនសង្ស័យវះហោប៉ៅយកកាបូបលុយអស់ ហើយមិនដឹងមានលុយប៉ុន្មាននោះទេ ក៏បានជិះម៉ូតូឌុបទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈទៅដល់ប៉ុស្តិ៍នគរបាលចោមចៅ៣ភ្លាមសមត្ថកិច្ចមិនទាន់ទទួលពាក្យបណ្តឹងទេ បានជូនជនរងគ្រោះទៅមើលកន្លែងកើតហេតុដើម្បីមើលទីតាំងខាងលើរួចត្រឡប់មកវិញសមត្ថកិច្ចមិនទាន់ទាំងសួរនាំផង ពេលឃើញអ្នកសារព័ត៌មានថតរូបភាពបែរជាម្ចាស់រថយន្តរត់ចេញពីសមត្ថកិច្ចវិញដោយនិយាយថា មិនប្តឹងសមត្ថកិច្ចក៏បានដែរ បាត់រថយន្តចោលក៏បានដែរ ហើយដើរចេញទៅបាត់ ៕ សុខាសែនជ័យ