ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសស្រុកព្រៃនប់ចាប់យកម៉ូតូជាច្រើនគ្រឿងចោទថា ដាក់បំពាក់ភ្លើងចាំងភ្នែក និងដាក់បំពង់ស៊ីម៉ាំងឮខ្លាំង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃ១០ ខែសីហា ២០១៨ ប៉ូលិសស្រុកព្រៃនប់បានឃាត់ចាប់ម៉ូតូជាច្រើនគ្រឿងរបស់កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្នុងបិតត្រាំង ក្រោមហេតុផលថា ម៉ូតូរបស់កម្មករទាំងអស់នេះ ដាក់បំពាក់ភ្លើងចាំងភ្នែកនិងខ្លះទៀតដាក់បំពង់ស៊ីម៉ាំងឮខ្លាំង ។

សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ក្រោយឃាត់ចាប់ ប៉ូលីសបានដឹកជញ្ជូនម៉ូតូទាំងអស់នេះយកទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត ។

ប្រភពពីកម្មករដែលមានម៉ូតូត្រូវប៉ូលីសឃាត់ចាប់ថ្លែងក្នុងលក្ខខណ្ឌ័មិនឲ្យប្រាប់ឈ្មោះថា ករណីនេះខាងកម្មករទទួលស្គាល់ថាមានកំហុសទៅលើការដាក់បន្ថែមបច្ចេកទេសមិនត្រឹមត្រូវមួយចំនួនក្នុងម៉ូតូ ដោយសារតែចេះតែធ្វើតាមគ្នា និងបានស្នើសុំឲ្យសមត្ថកិច្ចយោគយល់តាមរយៈធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីឆាប់បានម៉ូតូយកមកជិះទៅធ្វើការវិញ ។

ជុំវិញបញ្ហានេះសមត្ថកិច្ចស្រុកព្រៃនប់ថ្លែងពន្យល់ថា នេះជាវិធានការចាំបាច់ក្នុងការ ការពារកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្រោយពិនិត្យឃើញថារៀងរាល់យប់នៅតាមផ្លូវជាតិលេខ៤មានការបើកបរម៉ូតូបំពងសម្លេងឮខ្លាំង និងបើកភ្លើងឡាស៊ែរចាំងភ្នែកដែលងាយកើតមានគ្រោះថ្នាក់ជាយថាហេតុ ។

ទោះជាយ៉ាងនេះក្តីប្រភពពីសមត្ថកិច្ចថា មិនទាន់មានវិធានការដាក់ទោសទណ្ឌ័អ្វីធ្ងន់ធ្ងរទៅលើម្ចាស់ម៉ូតូទេ ដោយគ្រាន់តែចាត់វិធានការឃាត់ចាប់បណ្តោះអាសន្ន រួចឲ្យធ្វើកិច្ចសន្យាតាមនិតិវិធីតែប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖