ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ អរគុណ​ជនរួម​ជាតិ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ជ្រើសរើសសន្តិភាពនិង​ការអភិវឌ្ឍន៍​

ចែករំលែក៖

ភ្នំពេញ​៖​ ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦​ ខែ​សីហា​ នេះ​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ថ្លែង​អំណរគុណ​ដល់​ជនរួម​ជាតិ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ឈ្នះ​អាសនៈ​ទាំង​១២៥​ គឺ​ ប្រជាពលរដ្ឋ​ជ្រើសរើស​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ ។

ហ្វេសប៊ុក​ផេក​ផ្លូវការ​សម្តេច​តេជោ​ សរសេរ​ថា​ អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)។

សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិកាគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ធផលផ្លូវការពី គ.ជ.ប កាលពីម្សិលមិញ ថ្ងៃទី ១៥ សីហា ២០១៨ គឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ អាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល់។ នេះសបញ្ជាក់ ឱ្យ​ឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើស រើសសន្តិភាព ការអភិវឌ្ឍន៍​ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។

ទន្ទឹមនឹងនេះដែរ សូមអរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែល បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែ កញ្ញា ខាងមុខនេះ។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!៕


ចែករំលែក៖