ភ្នំពេញ៖ ព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហា នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បន្តថ្លែងអំណរគុណដល់ជនរួមជាតិដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំង១២៥ គឺ ប្រជាពលរដ្ឋជ្រើសរើសសន្តិភាពនិងការអភិវឌ្ឍន៍ ។
ហ្វេសប៊ុកផេកផ្លូវការសម្តេចតេជោ សរសេរថា អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ ច្រើនលើសលុប បំផុត ៦,៩៥៦,៩០០ (៨៣.០២%)។
សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិកាគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ធផលផ្លូវការពី គ.ជ.ប កាលពីម្សិលមិញ ថ្ងៃទី ១៥ សីហា ២០១៨ គឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ អាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល់។ នេះសបញ្ជាក់ ឱ្យឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើស រើសសន្តិភាព ការអភិវឌ្ឍន៍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។
ទន្ទឹមនឹងនេះដែរ សូមអរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែល បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែ កញ្ញា ខាងមុខនេះ។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា!៕