ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីអ្នកភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់រាយការណ៍ថា នៅវេលាម៉ោង៨ និង០៥នាទី យប់ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ មានយុវជនម្នាក់ជិះម៉ូតូដួលបានជ្រុះកាំភ្លើងធុនខ្លី ១ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅម្ដុំនោះរើសយកទៅប្រគល់ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ។
ប្រភពខាងលើបន្តថា មុនដំបូងគេឃើញយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ្ណនោះទេ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មើលស្នាកលេខមិនច្បាស់ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែដួល រួចលើកម៉ូតូប្រញាប់ប្រញាលជិះចេញទៅទិសខាងកើតបាត់ស្រមោល លុះប្រជាពលរដ្ឋរស់នៅក្បែរៗកន្លែងកើតហេតុនាំគ្នាមកមើល ក៏ឃើញបន្សល់នូវអាវុធធុនខ្លី១ដើមនេះ ហើយរាយការណ៍ និងប្រគល់ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលផ្ទះព្រៃតែម្ដង។
លោក អនុសេនីយ៍ឯក បុិច សុីផាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា អាវុធធុនខ្លី ១ដើមដែលគេអះអាងមានយុវជនម្នាក់ជិះម៉ូតូដួលហើយជ្រុះនេះម៉ាក មិនស្គាល់ ពណ៌ខ្មៅ លេខ ៤៥៥៧ មានគ្រាប់១ ហើយបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃជាបណ្ណោះអាសន្ន ៕ ប៉ឹម ពិន