កន្លងមកថ្មីៗឡាវប្រឈមនឹងការវាយប្រហារ ដោយគ្រោះទឹកជំនន់ បណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី បំផ្លាញទ្រព្យ សម្បត្តិនិងអាយុជីវិតជាច្រើន ។នៅពេល នេះឡាវ ក៏បានរងការវាយប្រហារ ដោយគ្រោះទឹកជំនន់បណ្តាលមកពីខ្យល់ព្យុះ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្សជាច្រើនបន្តទៀត ។
សារព័ត៌មានស៊ីនហួ បានដកស្រង់ របាយការណ៍ចុងក្រោយ របស់ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឡាវ បញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះ ភ្លៀង នៅប្រទេសឡាវ បានផ្តាច់ជីវិត មនុស្សយ៉ាងតិច៤៦នាក់ ខណៈ៩៧នាក់ ទៀតកំពុងបន្តបាត់ខ្លួន និង៤នាក់បានរង របួស។
ជាមួយគ្នានេះដែរ ប្រជាជនឡាវ ២៣៦.១៨៨នាក់ នៅក្នុងស្រុក៧៩នៃខេត្ត ចំនួន១៤ បានទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិក Son Tinhនិង Bebinca បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងជោកជាំ ចាប់តាំងពីពាក់ កណ្តាលខែកក្កដា រហូតដល់ពាក់កណ្តាល ខែសីហា។ ក្រៅពីនេះដីស្រែនិងចម្ការសរុបជាង១សែនហិកតាបានជន់លិច ប្រព័ន្ធធារាសាស្រ្តប្រមាណ២០០កន្លែងរងការ ខូចខាត និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់។ ទន្ទឹមនឹងនេះ ផ្លូវថ្នល់ព្រមទាំង ស្ពានប្រមាណ១៦០ខ្សែ ក៏បានរងការបំផ្លិច បំផ្លាញផងដែរ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញា ធរឡាវ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ថវិកាសរុប ១៥.៣លានដុល្លារ ត្រូវបានបរិច្ចាគ ដើម្បី ជួយដល់ជនរងគ្រោះទាំងឡាយ៕ ម៉ែវ សាធី