ខេត្តកណ្ដាលៈ រថយន្ដម៉ាកតូយ៉តាកាមរីឆ្លាមមួយគ្រឿងបើកជែងជែងរថយន្ដមួយគ្រឿងបើកស្របទិសគ្នាត្រង់ចំណុចផ្លូវកោលមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់និងម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង២៧នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុក ពញាឭ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្ដបង្កម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2D-8132 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនក្រោយពេលមានហេតុការណ៍កើតឡើង) ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ើ សោហ្វី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះ១ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់បាក់ជើងឆ្វេង) ជិះម៉ូតូម៉ាក HONDA AIRBLACK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AB-2807 មានអ្នករួមដំណើរឈ្មោះ ស្មាន ហ្វីនី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (របួសស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចផ្លូវកោងដែលជាតំបន់គ្រោះ ស្រាប់តែអ្នកបើកបររថយន្ដបង្កបានបន្ថែមល្បឿនជែងជែងរថយន្ដមួយគ្រឿងទៀតបើកនៅខាងមុខ ភ្លាមនោះក៏បានជ្រុលចង្កូតទៅឆ្វេងចូលក្នុងគន្លងផ្លូវដែលជាស្ដាំរបស់គេ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក HONDA AIRBLACKដែលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ និងម្នាក់ទៀតជាអ្នករួមដំណើររងរបួសស្រាល រីឯអ្នកបើកបររថយន្ដបង្កបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ