ខេត្តកំពង់ស្ពឺៈ ឪពុកចុងម្នាក់់់់ដែលបានវាយធ្វើបាបកូនចុង របស់ខ្កួនបណ្តាលឲ្យមានរបួសសុះខ្លួន ព្រោះខឹងនឹងក្មេងដែលលេងដល់យប់ងងឹតត្រូវបានសាច់ញាតិកុមាររងគ្រោះដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។
ការឃាត់ខ្លួនឪពុកចុងបង្កហិង្សាលើកុមារនេះ កើតឡើងនាវេលាម៉ោង១៥:០០នាទី នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិបាយស្រា ឃុំ ទំព័រមាស ស្រុកសំរោងទង ខេត្តកំពងស្ពឺ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ លៀប អូនទូច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបាយស្រា ឃុំ ទំព័រមាស ស្រុកសំរោងទង ខេត្តកំពងស្ពឺ ។ ចំណែកកុមាររងគ្រោះ ឈ្មោះអ៊ីម ភក្ដី ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូនចុងជនសង្ស័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨:០០នាទី ពេលដែលកុមាររងគ្រោះកំពុងរត់លេង ស្រាប់តែជនសង្ស័យបានយករំពាត់វាយទៅលើកុមាររងគ្រោះបណ្ដាលរងរបួសពេញដងខ្លួនតែម្តង។
ក្រោយវាយទៅលើកុមាររងគ្រោះរួចមកជនសង្ស័យបាននៅផ្ទះជាធម្មតា ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ។ ដោយឃើញពីទង្វើព្រៃផ្សៃរបស់ជនសង្ស័យទៅលើកុមាររងគ្រោះ មិនមានអ្នកណាម្នាក់ជួយអើពើនោះ ទើបសាច់ញាតិជិតខាងម្នាក់ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្កួនជនបង្កតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា មូលហេតុដែលរូបគេយករំពាត់វាយទៅលើកុមាររងគ្រោះ ដោយសារតែគេខឹងនឹងកុមាររងគ្រោះរត់លេងមិនដឹងយប់ ទើបកើតការខឹងសម្បារហើយវាយបែបនេះ។
មន្ត្រីអនុសេនីយ៍ឯក ម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ក្រោយស្តាប់ចម្លើយសារភាពរបស់ជនបង្ករួចមកករណីខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ