ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ប្តីដែលប្រើហិង្សាលើប្រពន្ធ និងដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ចែករំលែក៖

ខេត្តកណ្តាល ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយសារបុរសជាប្តីខឹងប្រពន្ធបានដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះចោលគួរឲ្យសោកស្តាយតែក្រោយមកបុរសនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះ របស់ជនរងគ្រោះ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

មន្រី្តនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គ្រុយ អ៊ាង ភេទ ស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើ ចម្ការ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ គិត ចន អាយុ៥៥ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ មុនពេលកើតហេតុប្តីប្រពន្ធពីរនាក់នេះបានឈ្លោះទាស់ទែងគ្នាដោយប្រើពាក្យសម្តីខ្លាំងៗរហូតបុរសជាប្តីទ្រាំលែងបានក៏ចាក់សាំងដុតបំផ្លាញសម្ភារក្នុងផ្ទះបណ្តាលឲ្យខូចខាតរួមមាន ឆេះ ពូកម៉ូតូ១គ្រឿង ស្រូវចំនួន៥បាវ អង្ករ ទូរទស្សន៍ចំនួន១គ្រឿង និងសម្ភារផ្សេងៗ មួយចំនួនទៀត។ ដោយឡែកសមត្ថកិច្ច បានចាប់យកវត្ថុតាងមាន កាំបិតផ្គាក់ចំនួន ១ និងពូថៅចំនួន១ ដែលបុរសនេះបម្រុងប្រើអំពើហិង្សាលើប្រពន្ធទៀតផង ។

ក្រោយពេលទទួលបណ្តឹងពីប្រពន្ធ ភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចបាននាំខ្លួនជនសង្ស័យមកផ្នែក ជំនាញនៃអធិការដ្ឋាននគរបាលស្រុកដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមច្បាប់ ។

គេថាខឹងខុសខឹងខាត ធ្វើឲ្យខ្លួនពិបាក ពេលដែលយើងបានប្រព្រឹត្តហើយនោះ ដោយនឹកស្មានថា ជាទ្រព្យសម្បត្តិរបស់ ខ្លួនគ្មាននរណាហ៊ានធ្វើអ្វីឡើយ។ ផ្ទុយទៅ វិញការគិតបែបនេះវាខុសស្រឡះ ចុង ក្រោយទ្រព្យសម្បត្តិក៏បាត់បង់ ខ្លួនក៏ត្រូវ មានទោស។ រីឯប្រពន្ធកូនរងទុក្ខដោយ​ សារតែខ្លួនមិនបានគិតវែងឆ្ងាយ ៕ ស្អាងជ័យ


ចែករំលែក៖