ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ ពិនិត្យ​ម្តងទៀត​ លើនីតិវិធី​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ នៅ​ថ្ងៃទី​៣០សីហា​

ចែករំលែក៖

ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ខាងមុខ​នេះ​ នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ម្តងទៀត​ ក្នុង​នីតិវិធី​ស្តីពី​ការ​ពន្យារពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ ទន្ទឹង​រង់ចាំ​មើល​ថា​ តើ​លើក​នេះ​ លោក​កឹម​ សុខា​ មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដែរឬទេ​ ? ខណៈ​បុគ្គល​លេចធ្លោ​មួយ​ចំនួន​ ត្រូវ​បាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់​ហើយ​នោះ​ ។

ក្នុង​នោះ​ មាន​ដូចជា​លោក​ គឹម​ សុខ​ អ្នក​វិភាគ​សង្គម​ ស្ត្រី​សកម្មជន​បឹងកក់​៤នាក់​ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរនាក់​ និង​ ចុងក្រោយ​ គឺ​ លោក​សួន​ សេរី​រដ្ឋា​ ។

យោង​តាម​លិខិត​អញ្ជើញ​មេធាវី​ ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៥​ ខែ​សីហា​ នេះ​ បង្ហាញ​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​សីហា​ នឹង​បន្ត​នីតិវិធី​ស្តីពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ ជា​ទី​ដែល​លោក​កឹម​ សុខា​ កំពុង​ជាប់​ឃុំ​ ។

សូម​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ ,​ តុលាការ​កំពូល​ នៅ​វេលា​ថ្ងៃ​ត្រង់​ទី​២២​ ខែ​សីហា​ កន្លងមក​ សម្រេច​មិន​ដោះលែង​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ​ ដោយ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​នៃ​មហា​អយ្យការ​អម​តុលាការ​កំពូល​ និង​ ជា​អ្នក​នាំ​ពាក្យ​ផងដែរ​ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់ ៣០​ឆ្នាំ​៕ ចេស្តា

 


ចែករំលែក៖