ព័ត៌មានទាន់ហេតុការណ៍៖

វីរបុរសបាល់ទាត់ Lothar Matthäus ស្តីបន្ទោស ភរិយា មិត្តស្រី និងសមាជិកគ្រួសារ របស់កីឡាករ ថាជាមូលហេតុនាំឱ្យអាល្លឺម៉ង់ធ្លាក់ពី World Cup

ចែករំលែក៖

វីរបុរសបាល់ទាត់អាល្លឺម៉ង់ Lothar Matthäus បានអះអាងថា បញ្ហាពាក់ព័ន្ធនឹង ភរិយា មិត្តស្រី និងសមាជិកគ្រួសារ (WAGs) របស់កីឡាករ បានប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជាហេតុមួយដែលនាំឱ្យក្រុមធ្លាក់ចេញពី World Cup 2026 ក្រោមថ្វីជើង ប៉ារ៉ាហ្គាយ នៅវគ្គ ៣២ ក្រុមចុងក្រោយ។

អាល្លឺម៉ង់បានចាញ់ប៉ារ៉ាហ្គាយដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី កាលពីថ្ងៃចន្ទ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមអាល្លឺម៉ង់ចាញ់ការស៊ុតប៉េណាល់ទីក្នុង World Cup។

ក្រោយការធ្លាក់ចេញ Matthäus បាននិយាយថា ស្ថានភាពនេះធ្វើឱ្យលោកនឹកឃើញដល់ World Cup ឆ្នាំ១៩៩៤ ដែលរៀបចំនៅសហរដ្ឋអាមេរិកផងដែរ ហើយពេលនោះអាល្លឺម៉ង់ក៏បានធ្លាក់ក្រោមថ្វីជើង ប៊ុលហ្គារី នៅវគ្គ ៨ ក្រុមចុងក្រោយ។

លោក Matthäus វ័យ ៦៥ ឆ្នាំ ដែលជាប្រធានក្រុមអាល្លឺម៉ង់ឈ្នះជើងឯក World Cup ឆ្នាំ១៩៩០ បាននិយាយថា៖ «មានបញ្ហាជាច្រើនទាំងក្នុង និងក្រៅទីលាន។ មានបញ្ហាពាក់ព័ន្ធនឹងប្រពន្ធ គ្រួសារ និងរឿងផ្សេងៗជាច្រើន»។

លោកបានបញ្ជាក់ថា ការរៀបចំជើងហោះហើរ និងសណ្ឋាគារសម្រាប់សមាជិកគ្រួសាររបស់កីឡាករ បានបង្កើតការមិនពេញចិត្តក្នុងក្រុម។

«កីឡាករម្នាក់ខឹង ព្រោះម្តាយរបស់កីឡាករម្នាក់ទៀតអាចជិះយន្តហោះជាមួយក្រុម ខណៈអ្នកខ្លះអាចនាំប្រពន្ធ និងកូនមកជាមួយបាន។ ចំណែកគ្រួសាររបស់កីឡាករផ្សេងទៀត ត្រូវធ្វើដំណើរតាមជើងហោះហើរធម្មតា។ នៅទីបញ្ចប់ មានភាពច្របូកច្របល់ជាច្រើន ដែលមិនធ្លាប់ត្រូវបានបង្ហាញជាសាធារណៈ»។

ទោះយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះកីឡាករណាដែលពាក់ព័ន្ធនោះទេ។

លោកជឿថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) គួរតែពិនិត្យឡើងវិញនូវគោលនយោបាយអំពីការអនុញ្ញាតឱ្យសមាជិកគ្រួសារមកគាំទ្រក្រុមក្នុងការប្រកួតធំៗ។

លោកបានស្នើថា គ្រួសាររបស់កីឡាករ គួរតែត្រូវបានអនុញ្ញាតឱ្យមកលើកទឹកចិត្ត លុះត្រាតែក្រុមបានឈានដល់វគ្គជ្រៅៗនៃការប្រកួត ដូចជាវគ្គ ៨ ក្រុមចុងក្រោយ។ «ការផ្តោតអារម្មណ៍របស់ក្រុម មិនស្ថិតលើ World Cup ទាំងស្រុងនោះទេ។ ពួកគេទើបតែទៅដល់សហរដ្ឋអាមេរិកមិនទាន់បានពីរសប្តាហ៍ផង គ្រួសារក៏បានមកដល់រួចទៅហើយ។ ពួកគេគួរតែរង់ចាំរហូតដល់វគ្គ ៨ ក្រុមចុងក្រោយ»។

មិត្តស្រីរបស់ Nagelsmann ក៏រងការរិះគន់

ការរិះគន់របស់ Matthäus មិនបានផ្តោតតែលើកីឡាករប៉ុណ្ណោះទេ។ លោកក៏បានបង្ហាញការព្រួយបារម្ភអំពីវត្តមានញឹកញាប់របស់ Lena Wurzenberger មិត្តស្រីរបស់គ្រូបង្វឹក Julian Nagelsmann នៅទីស្នាក់ការក្រុមជម្រើសជាតិផងដែរ។

សារព័ត៌មាន Bild បានរាយការណ៍ថា Lena Wurzenberger អាយុ ៣៤ ឆ្នាំ បានក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែនាងមានវត្តមានជាញឹកញាប់ជាមួយក្រុម។

អតីតអ្នកសារព័ត៌មានរូបនេះ បានចូលរួមមើលការហ្វឹកហាត់របស់ក្រុមនៅទីក្រុង Frankfurt មុនការប្រកួត World Cup ហើយក៏បានឃើញនាងចូលរួមមើលការហ្វឹកហាត់ស្តារកម្លាំងរបស់កីឡាករបម្រុង បន្ទាប់ពីអាល្លឺម៉ង់យកឈ្នះ Curaçao ៧-១ ក្នុងការប្រកួតបើកឆាកវគ្គចែកពូល។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ក៏បានរាយការណ៍ដែរថា នាង និងគ្រូបង្វឹក Nagelsmann បានត្រឡប់ទៅសណ្ឋាគាររបស់ក្រុមជាមួយគ្នា ហើយត្រូវបានគេឃើញជិះកង់ទៅកាន់ទីលានហ្វឹកហាត់នៅព្រឹកថ្ងៃបន្ទាប់។

អ្នកវិភាគខ្លះជឿថា វត្តមានរបស់មិត្តស្រីគ្រូបង្វឹកនៅជិតក្រុម អាចធ្វើឱ្យកីឡាករ ឬសមាជិកគ្រូបង្វឹក មានការស្ទាក់ស្ទើរក្នុងការបញ្ចេញមតិ ឬរិះគន់ការដឹកនាំរបស់គ្រូបង្វឹកដោយបើកចំហ។

គួរបញ្ជាក់ថា Julian Nagelsmann និង Lena Wurzenberger ត្រូវបានគេជឿថា ចាប់ផ្តើមមានទំនាក់ទំនងស្នេហា បន្ទាប់ពីលោកបែកបាក់ជាមួយភរិយា Verena កាលពីឆ្នាំ២០២២ ខណៈពេលលោកកំពុងដឹកនាំក្លិប Bayern Munich ហើយ Lena គឺជាអ្នកសារព័ត៌មានកីឡារបស់ Bild ដែលតាមដានព័ត៌មានក្លិបនោះ។

យោងតាមសារព័ត៌មានអាល្លឺម៉ង់កាលពីថ្ងៃសុក្រ Julian Nagelsmann បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីក្រុមធ្លាក់ចេញពី World Cup 2026៕


ចែករំលែក៖