Thiago Messi កូនប្រុសអាយុ ១៣ ឆ្នាំរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានជួយក្រុម Inter Miami U14 ឈ្នះជើងឯកការប្រកួតបាល់ទាត់យុវជនអន្តរជាតិ MICFootball Punta Cana 2026។
ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមិថុនា នៅ Cap Cana Sports City សាធារណរដ្ឋដូមីនីកែន ដោយមានក្រុមចូលរួមចំនួន ១០៣ ក្រុម និងកីឡាករយុវជនជាង ២,០០០ នាក់ មកពី ២០ ប្រទេស ប្រកួតក្នុងកម្រិតអាយុ U12 ដល់ U16។
ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុម Inter Miami U14 បានយកឈ្នះ GOT FC ដោយលទ្ធផល ៣-០ ដើម្បីលើកពានជើងឯកយ៉ាងអស្ចារ្យ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Thiago និងមិត្តរួមក្រុម បានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះ ដោយឈ្នះទាំង ៣ ប្រកួត ក្នុងវគ្គចែកពូល ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ និងរបូតវិញត្រឹម ១ គ្រាប់ ប៉ុណ្ណោះ មុនបន្តឆ្លងផុតវគ្គជម្រុះរហូតដល់ឈ្នះជើងឯក។
ជោគជ័យនេះ គឺជាការរីកចម្រើនដ៏ធំមួយ បន្ទាប់ពីរដូវកាលមុន ក្រុមរបស់ Thiago បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ។
ជើងឯកនៅ Punta Cana ក៏បានបន្ថែមសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍របស់ Thiago នៅក្នុងថ្នាលយុវជនរបស់ Inter Miami ផងដែរ។
រហូតមកដល់ពេលនេះ គេបានឈ្នះពានរួមមាន៖
🏆 Weston Cup U12 (2024)
🏆 Weston Cup U13 (2025)
🏆 Dreams Cup 2025
🏆 Dreams Cup 2026
🏆 MICFootball Punta Cana 2026
ខណៈ Thiago កំពុងលើកពាននៅសាធារណរដ្ឋដូមីនីកែន ឪពុករបស់គេ Lionel Messi ក៏កំពុងសរសេរប្រវត្តិសាស្ត្រជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។
ក្នុងនាមជាប្រធានក្រុម Messi បានដឹកនាំអាហ្សង់ទីនឆ្លងផុតវគ្គចែកពូលដោយឈ្នះគ្រប់ការប្រកួត ហើយរូបគេរកបាន ៦ គ្រាប់ ក្នុងការប្រកួតនេះ រួមទាំងបង្កើត កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយមានសរុប ១៩ គ្រាប់។
ដោយសារជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ Messi និងភរិយា Antonela Roccuzzo មិនអាចធ្វើដំណើរទៅគាំទ្រកូនប្រុសរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្របានទេ។
ប្តីប្រពន្ធមួយគូនេះក៏មានកូនប្រុសពីរនាក់ទៀតគឺ Mateo (កើតឆ្នាំ២០១៥) និង Ciro (កើតឆ្នាំ២០១៨)។
បច្ចុប្បន្ន Thiago Messi ដែលនឹងឈានចូលអាយុ ១៤ ឆ្នាំ នៅខែវិច្ឆិកាខាងមុខ កំពុងបន្តអភិវឌ្ឍសមត្ថភាពនៅថ្នាលយុវជនរបស់ Inter Miami ដែលត្រូវបានចាត់ទុកថា ជាប្រព័ន្ធបណ្តុះបណ្តាលយុវជនរីកចម្រើនលឿនបំផុតមួយនៅសហរដ្ឋអាមេរិក៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច