ព័ត៌មានថ្មីបំផុតពីប៉ូលិសក្នុងទីក្រុង Jacksonvill រដ្ឋផ្ល័រីដា បានឲ្យដឹងថា ករណីបាញ់ប្រហារ កាលពីថ្ងៃទី២៦ ខែសីហា បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០នាក់រងរបួស។ ការបាញ់ប្រហារកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Jacksonville Landing ដែលមានផ្សារទំនើប តំបន់កម្សាន្ត ភោជនីយដ្ឋាន…ស្ថិតនៅទីក្រុង Jacksonville ក្នុងរដ្ឋផ្ល័រីដា អាមេរិក។
យោងតាមប្រធានមន្ត្រីប៉ូលិស ទីក្រុង Jacksonville លោក Mike Williams ខ្មាន់កាំភ្លើងខាងលើមានឈ្មោះ David Katz អាយុ២៤ឆ្នាំ ក្នុងទីក្រុង Baltimore។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីមូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះទេ។ លោក Williams បន្ថែមថាខ្មាន់កាំភ្លើងឈ្មោះ Katz បានបាញ់សម្លាប់ខ្លួនឯង ហើយសាកសពរបស់គាត់ ត្រូវបានគេរកឃើញនៅក្បែរជនរងគ្រោះ ទាំងពីរនាក់ ខណៈមនុស្ស៩នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) នៅអំឡុងកម្មវិធី ប្រកួតប្រជែង Madden 19 online game នៅឯភោជនីយដ្ឋាន Chicago Pizza។ខ្មាន់កាំភ្លើងបានបាញ់ដល់ទៅ១៣គ្រាប់។
នៅលើបណ្តាញសង្គម Twitter ប៉ូលិសបានស្នើដល់ពលរដ្ឋកុំទៅកន្លែងកើតហេតុខាងលើ នៅពេលនេះ ហើយអ្នកដែលលាក់ខ្លួននៅខាងក្នុងត្រូវតែមានស្មារតី រង់ចាំការជួយសង្គ្រោះពីកម្លាំងប៉ូលិស៕ ម៉ែវ សាធី