ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាលោក ត្រាំ អវត្តមាននៅក្នុងពិធីបុណ្យសពលោក John McCain?

ចែករំលែក៖

សារព័ត៌មាន News York Times បានផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនត្រូវបានអញ្ជើញឲ្យចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភា ចចម៉ាក់ខេន ដែលធ្វើឡើងនៅវិហារជាតិនៅរដ្ឋធានីវ៉ាស៊ីនតោននោះទេ។

ជាយូរណាស់មកហើយ លោក ត្រាំ និងលោក ម៉ាក់ខេន មានទំនាក់ទំនងមិនល្អនឹងគ្នា។ អតីតសមាជិកព្រឹទ្ធសភាអាមេរិករូបនេះ តែងតែរិះគន់ពីគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ត្រាំ ដូចជាការចោទប្រកាន់ដែលថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។

លោក ម៉ាក់ខេន ក៏បានវាយប្រហារជាសាធារណៈលើលោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូល Helsinki ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ព្រមទាំងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលថ្មីៗនេះ។

នៅពេលនេះ បញ្ជីឈ្មោះភ្ញៀវអញ្ជើញទៅចូលរួមពិធីបុណ្យសពលោក Mc Cain មានអតីតប្រធានាធិបតីអាមេរិកពីររូប គឺលោក អូបាម៉ា និងលោក ប៊ូស។ ចំណែកអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏បានទៅចូលរួមផងដែរ។

សមាជិកព្រឹទ្ធសភាអាមេរិក លោក ចចម៉ាកខេន បានស្លាប់នៅរសៀលថ្ងៃទី២៥ ខែសីហា ក្នុងជន្មាយុ៨១ឆ្នាំដោយសារតែជម្ងឺមហារីកខួរក្បាល។ នៅក្នុងពិធីបុណ្យសពមានមន្ត្រីជាន់ខ្ពស់ជាច្រើនបានទៅចូលរួម លើកលែងតែប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែ មុនពេល លោក McCain ស្លាប់បានផ្ដាំមិនឲ្យលោក ដូណាល់ ត្រាំ ចូលរួមក្នុងពិធីបុណ្យសពរបស់លោកឡើយ។

ប៉ុន្តែបើគេនៅចាំមិនភ្លេចទេ កាលពីខែឧសភាកន្លងទៅ លោក McCain ធ្លាប់បានបង្ហើបពីគោលបំណងចុងក្រោយរបស់ខ្លួន នោះគឺ ថាលោកមិនចង់ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមក្នុងពិធីបុណ្យសពរបស់លោកឡើយ។ លោក ដូណាល់ ត្រាំ និងលោក McCain ដែលសុទ្ធតែជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋបានបង្ហាញពីការមិនពេញចិត្តដាក់គ្នា និងខ្វែង គំនិតគ្នាជាច្រើន។

ជាពិសេស នៅពេលដែលលោក ត្រាំ ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៥ និងនៅក្រោយប្រធានាធិបតីអាមេរិកបច្ចុប្បន្នរូបនេះ និយាយថាជនអន្តោប្រវេសន៍មិចស៊ីកូមួយចំនួនគឺជាឧក្រិដ្ឋជន។ លោក McCain នៅពេល នោះ ក៏បានថ្កោលទោសយ៉ាងខ្លាំងលើលោក ត្រាំ ផងដែរ ថាបានប្រើភាសាឆ្កួតលីលា។

ចំណែកឯលោក ត្រាំ វិញក៏មិនបានបង្អង់យូរដែរ ដោយលោកហៅលោក McCain ថាជាមនុស្សល្ងង់ដែលសឹងតែមិនអាចបញ្ចប់ ការសិក្សាពីបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិក។ ចាប់ពីពេលនោះមក អ្នកទាំងពីរនៅតែបន្តខ្វែងគំនិតគ្នាជាបន្តបន្ទាប់ រហូតដល់ប្រភពជិតស្និទ្ធនឹងលោក McCain បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកបានដាក់លោក ត្រាំ នៅក្នុងបញ្ជីខ្មៅដែលលោកផ្ទាល់ មិនចង់ឲ្យចូលរួមក្នុងពិធីបុណ្យសពរបស់លោក។

គួរបញ្ជាក់ថា លោក McCain បានទទួលមរណភាព នៅថ្ងៃអាទិត្យនេះ (ត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីឆ្នាំ២០១៧។ ដោយឡែក គ្រួសាររបស់លោកវិញ ក៏បានឲ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភារូបនេះដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូកន្លងទៅ បានសម្រេចបញ្ឈប់ការព្យាបាលកាលពីថ្ងៃសុក្រ៕ ម៉ែវ សាធី


ចែករំលែក៖