ពលរដ្ដអៀរឡង់រាប់រយពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅរមណីយដ្ឋាន Phoeniz Park ក្នុងទីក្រុង Dublin ដើម្បីទទួលស្វា គមន៍ សម្តេចសង្ឃ ប៉ាប ហ្វ្រង់ស័រ ដែល បានបំពេញទស្សនកិច្ច ជាលើកទី១ទៅ កាន់អៀរឡង់ ក្រោយរយៈពេលជាង៤០ ឆ្នាំ។
សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នា ដើម្បីធ្វើ ពិធីបុណ្យដឹកនាំដោយសម្តេចប៉ាបដោយផ្ទាល់ កាលពីថ្ងៃទី២៦ ខែសីហា មុនពេលព្រះវិលត្រឡប់ទៅកាន់បុរីវ៉ាទីកង់វិញបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសនេះ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ។
នេះជាលើកទី២ ហើយដែលប្រមុខ សង្ឃកាតូលិកបានទៅកាន់ប្រទេសអៀរឡង់ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេចប៉ាបហ្សង់ប៉ូលទី២ ក្នុងឆ្នាំ ១៩៧៩។ តែអ្វីជា ការកត់សម្គាល់ វត្តមានរបស់ប្រមុខសង្ឃកាតូលិកក្នុងទឹកដីអៀរឡង់ពេលនេះកំពុងបំពុលដោយរឿងអាស្រូវផ្លូវភេទដែល ប្រព្រឹត្តដោយក្រុមសង្ឃកាតូលិក។
តាំងពីបានក្លាយជាប្រមុខសង្ឃកាតូលិកក្នុងឆ្នាំ ២០១៣ មក នេះជាទស្សនកិច្ចលើក ទី២៤ របស់សម្តេចប៉ាបហ្រ្វង់ស័រនៅក្រៅទឹកដីអ៊ីតាលី។ ចំណែកជម្រើសទៅកាន់ទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ពេលនេះក៏ដើម្បីចូលរួមបិទកម្មវិធីជួបជុំគ្រួសារពិភពលោកដែលប្រទេសអៀរឡង់បានរៀបចំតាំងពីថ្ងៃទី២១ សីហា។ តែទន្ទឹមគ្នានឹង កម្មវិធីគ្រួសារដ៏រីករាយមួយនេះ សម្តេចប៉ាបហ្រ្វង់ស័រក៏កំពុងក្រពុលមុខនឹងរឿងអាស្រូវផ្លូវភេទដែលបានបែកធ្លាយនៅអាមេរិកកាលពី ២សប្តាហ៍មុនតាមរយៈរបាយការណ៍របស់អគ្គរដ្ឋអាជ្ញាក្នុងរដ្ឋ Pennsylvanie។
នៅក្នុងរបាយការណ៍នោះ អគ្គរដ្ឋអាជ្ញាបានបរិហារពីការបំពានផ្លូវភេទប្រព្រឹត្តដោយក្រុមសង្ឃកាតូលិកចំនួន ៣០០ អង្គក្នុងរយៈពេល ៧០ឆ្នាំ។ នាថ្ងៃចន្ទ ទី២០ សីហាដើមសប្តាហ៍មុននេះ សម្តេចប៉ាបបានផ្ញើលិខិតមិនធ្លាប់មានទៅកាន់រដ្ឋអំណាចកាតូលិកនៅទូទាំងពិភពលោកដោយអំពាវនាវឲ្យចូលរួមបំបាត់ទង្វើគួរឲ្យស្អប់ខ្ពើមនោះ។ នៅក្នុងប្រទេសអៀរឡង់ សម្តេចប៉ាបហ្រ្វង់ស័របានទទួលជួបសន្ទនាដោយប្រធានាធិបតីលោក Michael Higgins និងនាយករដ្ឋមន្រ្តីអៀរឡង់លោក Leo Varadkar។ លោក Varadkarបាន បញ្ជាក់ថា ការសុំទោសជាសាធារណៈមិនគ្រប់គ្រាន់ដើម្បីបិទបញ្ចប់ទង្វើបំពានផ្លូវភេទលើកុមារពីសំណាក់ក្រុមសង្ឃកាតូលិកបានទេ។
អ្វីដែលលោក Varadkar ចង់បានគឺចង់ឲ្យសម្តេចប៉ាបប្តូរពីពាក្យសម្តីទៅជាការ អនុវត្តជាក់ស្តែងដោយចាត់វិធានការចាស់ដៃលើសង្ឃកាតូលិកដែលមានជាប់ពាក់ ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ។ ជាការឆ្លើយ តបវិញ សម្តេចប៉ាបបានយល់ពីកំហឹង របស់ប្រជាជនអៀរឡង់ដែលប្រឆាំងនឹងភាពអសមត្ថភាពរបស់ថ្នាក់ដឹកនាំវិហារកាតូលិកប្រឈមនឹងឧក្រិដ្ឋកម្មគួរឲ្យស្អប់ ខ្ពើម និងថា សហគមន៍កាតូលិកទាំងមូលមានភាពអាម៉ាស់ខ្លាំងណាស់៕ ម៉ែវ សាធី