ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីក្បែវាលស្រែ រត់បះសក់ទាំងពេលរសៀល ស្មានតែខ្មោចលងលើដើមអំពិល តាមពិតមនុស្សចងកសម្លាប់ខ្លួនសោះ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៤ និង៣០នាទីរសៀល ស្ថិតក្នុងភូមិតាតែ ឃុំកំពង់អំពឹល ស្រុករំដួល ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថា បុរស ដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ ទុនវិចិត្រា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាតែ ឃុំកំពង់អំពឹល ស្រុករំដួល ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចនគរបាល ស្រុកនគរបាលជំនាញ និងគ្រូពេទ្យបានចុះមកពិនិត្យសាកសពជាច្រើនម៉ោងទើបដឹងថា ស្លាប់ដោយចងកពិតប្រាកដមែន ខណៈយកស្បង់លោកពណ៌ទឹកក្រូច ចងភ្ជាប់ក្រោមដើមអំពិលចម្ងាយខាងក្រោយផ្ទះ ប្រមាណជិត១០០ម៉ែត្រ ដោយមិនមានស្លាកស្នាមជាអំពើឃាតកម្មអ្វីនោះទេ ។
តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសគាត់គឺមានជំងឺយូរឆ្នាំមកហើយ ខណៈតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ដោយនាំទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនបានធូរស្រាលសោះ ទើបទ្រាំតាមព្រហ្មលិខិតទៅចុះ ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ដោយបាត់កូនមិនឃើញនៅផ្ទះ ដូចសព្វដង ក៏ដើររកគ្រប់ទីកន្លែងប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលពីក្មេងៗឃ្វាលក្របី ប្រទះឃើញចងកក្រោមដើមអំពិលចម្ងាយជិត១០០ម៉ែត្រស្លាប់បាត់ទៅហើយ ។
ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន